ព័ត៌មានជាតិ

កូនឈើចំនួនជាង២ពាន់ដើម ត្រូវបានដាំនៅក្នុងតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ដើម្បីស្តារព្រៃលិចទឹកឡើងវិញ

(សៀមរាប) :ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាំដើមឈើដើម្បីស្ដារព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងបឹងទន្លេសាប ដែលមានកូនឈើចំនួន២.១២០ដើម រួមមាន ៖ ឫស្សីស្រុក , ឫស្សីពីងពង់ , ឫស្សីផ្អែម , ដើមរាំងទឹក , រំដេញ និងដើមសន្តាន់ ត្រូវបានដាំនៅលើដីព្រៃលិចទឹកប្រមាណ៥ហិកតា ក្នុងទំហំផ្ទៃដីព្រៃលិចទឹកដកហូតបានចំនួន៤០ហិកតា ស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សូ ខនរិទ្ឋីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុងសៀមរាប មន្ត្រីរាជការ និង ប្រជាពលរដ្ឋជាច្រើនរូប ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ខេត្តសៀមរាបមានក្រុងស្រុកចំនួន៦ ជាប់នឹងបឹងទន្លេសាប មានព្រៃលិចទឹកប្រវែងជិត២០០គីឡូម៉ែត្រ ខណៈក្រុងសៀមរាបមានព្រៃលិចទឹកប្រវែងជិត៣០គីឡូម៉ែត្រ ហើយថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋចំនួន១.២៨៣គ្រួសារ បានស្ម័គ្រចិត្តប្រគល់ជូនដល់រដ្ឋបាលខេត្តនូវដីព្រៃលិចទឹកដែលពួកគាត់បានកាប់ទន្ទ្រាននាពេលកន្លងមកចំនួន២.៥៣១ហិកតា ដែលសកម្មភាពនេះ បង្ហាញឱ្យឃើញពីការយល់ដឹងរបស់ពួកគាត់ចំពោះអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្ត បានបន្ថែមថា៖បន្ទាប់ពីបានដកហូតនូវផ្ទៃដីព្រៃលិចទឹកមក រដ្ឋបាលក្រុងស្រុកទាំង៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប បានរៀបចំការដាំកូនឈើប្រភេទឈើលិចទឹក និងដាំត្នោតជាបន្តបន្ទាប់ដើម្បីស្ដារគម្របព្រៃលិចទឹកឡើងវិញ បង្កើតជំរកសម្រាប់មច្ឆជាតិពងកូន និងបង្កើននូវជីវចម្រុះសម្រាប់តំបន់បឹងទន្លេសាប ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត សូមណែនាំនិងជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវពង្រឹងនូវការការពារព្រៃលិចទឹកក្នុងតំបន់៣នេះឱ្យខាងតែបាន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមអនុសាសន៍និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការទប់ស្កាត់ ការបង្ក្រាប និង ការរុករានកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្របឹងទន្លេសាប ។

ឯកឧត្តម សូ ខនរិទ្ឋីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ ជារួមគិតចាប់ពីខែវិច្ឆិកាឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានដកហូតនិងប្រមូលមកវិញនូវផ្ទៃដីតំបន់៣ក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលគិតមកដល់បច្ចុប្បន្ននេះ បានធ្វើការដកហូតយកមកវិញនូវដីព្រៃលិចទឹកក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាប ប្រមាណជា៥ម៉ឺនហិកតាហើយ ក្នុងនោះខេត្តកំពង់ឆ្នាំបានប្រហែលជា៣ម៉ឺនហិកតា។

ឯកឧត្តមមានប្រសាសន៍ទៀតថា បឹងទន្លេសាប ជាបឹងធម្មជាតិមួយដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ទុកថា ជាបេះដូងនៃប្រទេសកម្ពុជា ដែលបានផ្ដល់ភោគផល យ៉ាងសំបូរបែបដល់ប្រជាជនកម្ពុជា វាមានវិសាលភាពដូចទៅនឹងកូនសមុទ្រទឹកសាបមួយ ដោយនៅរដូវប្រាំងផ្ទៃបឹងរួមតូចត្រឹម២.៧០០គីឡូម៉ែត្រក្រឡា និងនៅរដូវវស្សាផ្ទៃបឹងមានរហូតដល់១៦.០០០ គីឡូម៉ែត្រក្រឡា ដូច្នេះបឹងទន្លេសាបបានពង្រីកខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់រនាម ដែលនៅជុំវិញនឹងបង្កលក្ខណៈអនុគ្រោះ ឲ្យត្រីពង កូន និងធំធាត់នៅតាមព្រៃរនាមទាំងនោះ ហេតុនេះ ការចូលរួមដាំកូនឈើពីគ្រប់មជ្ឈដ្ឋាននេះ គឺជាការរួមចំណែក អភិរក្សនិងការពារធនធានធម្មជាតិ សម្រាប់យើងនិងកូនចៅយើងទាំងអស់គ្នា ហើយការដាំស្តារព្រៃលិចទឹកក្នុងតំបន់៣នេះដែរ ក៍គឺជាការរួមគ្នាជួយឱ្យព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប មានភាពបៃតង និងធានាបាននូវនិរន្តរភាពនៃជីវចម្រុះសម្បូរបែប សម្រាប់ជាជំរកដល់មច្ឆជាតិពងកូន ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។