ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា មាននិវេស្សនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញាតិឲ្យលោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេស្សនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះភាគច្រើននៅតំបន់ប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជាអាចប្រើប្រាស់ភាសាបារាំងបានល្អ។

លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានបញ្ជាក់ថា កន្លងមកនេះកងទ័ពបារាំងមានតួនាទីសំខាន់ នៅក្នុងការជួយបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ពិសេសលើផ្នែកភាសាបារាំង ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ លោកសង្ឃឹមថាកងទ័ពប្រទេសទាំងពីរនឹងធ្វើឲ្យមានការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះការមកបំពេញបេសកកម្មកាទូតនៅកម្ពុជារបស់លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ព្រមទាំងបានលើកឡើងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឱ្យមានសភាពធូរស្រាលមកដល់បច្ចុប្បន្ន។

ពាក់ព័ន្ធដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្សពិសេន បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់ប្រទេសបារាំងដល់កម្ពុជា ពិសេសនៅក្នុងការជួយសម្របសម្រួលបញ្ហាសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

នាយឧត្តមសេនីយ៍បន្តថា នៅឆ្នាំ១៩៩៤ ប្រទេសបារាំងបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស ការផ្ដល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗផងដែរ។

នាយឧត្តមសេនីយ៍ អគ្គបញ្ជាការ សង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។