ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុនផ្តល់កិត្តិយសឱ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់សម្រាប់ដំណើរទស្សនកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់កិត្តិយសជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដោយបានបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់ សម្រាប់ដំណើរដំពេញទស្សនសកិច្ច នៅក្នុងប្រទេសជប៉ុន។

ការថ្លែងអំណរគុណបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧កន្លែង នៅក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ កំពុងមានទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ទៅប្រទេសជប៉ុន ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការជើងគោក របស់កម្ពុជា ឬនិយាយតាមមួយបែបថាជាកូនប្រុសរបស់ខ្ញុំ នៅត្រង់ថាស្ថានភាពជំងឺកូវីដ១៩ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ការធ្វើដំណើរវាមិនងាយស្រួលនោះទេ ក៏ប៉ុន្តែ ជប៉ុនបានបញ្ជូនយន្តហោះពិសេសមួយមកទទួលយក ហ៊ុន ម៉ាណែត និងគណៈប្រតិភូធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ហើយថ្ងៃស្អែកនេះ ម៉ាណែត អាចវិលត្រឡប់មកកាន់កម្ពុជាវិញ […] អ្វីដែលខ្ញុំគិតថា វាជាចំណុចពិសេសមួយទៅទៀត ទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្តែ ពេលទៅដល់ត្រូវបានទទួលធ្វើសវនការ និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន…។

ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបឥស្សរជនកំពូលជាច្រើនរបស់ជប៉ុន ដោយរាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស អគ្គសេនាធិការកងស្វ័យការពារ និងមេបញ្ជាការកងស្វ័យការពារជាដើម។

ថ្លែងពីលើវេទិកាចំពោះមុខឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សារការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថានេះ គឺជាការផ្តល់កិត្តិយសដ៏ធំមួយសម្រាប់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ហើយបើគិតចាប់តាំងពីឆ្នាំ២០១០ ដោយក្នុងនោះឆ្នាំ២០១៨ និងឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបផ្លូវការជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដល់ទៅ៣រូប រួចទៅហើយ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា សម្រាប់ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៅប្រទេសជប៉ុននាពេលនេះ ក៏ប៉ុន្តែ បានទទួលការស្វាគមន៍ និងជួបសម្តែងការគយរសមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន នេះអាចទុកថាជាលក្ខណៈពិសេសមួយ ក្នុងចំណោមលក្ខណៈពិសេសនៃផ្នែកការទូត ដែលជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។