ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹង ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ប្រចាំនៅកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធស្ពាន ក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ទូទៅ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីសម្ពោធស្ពាននេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិមកពីបណ្តាក្រសួង ស្ថាប័ននានា និងភ្ញៀវអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តក្រចេះគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះជាច្រើននាក់ផងដែរ។

ក្នុងពិធីនេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែង ការសាងសង់ស្ពានទាំង ៧កន្លែង នៅលើផ្លូវជាតិទាំងពីរខ្សែនេះ បង្ហាញនូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងកាត់បន្ថយនូវឥទ្ធិពលមហន្តរាយនៃទឹកជំនន់ ដែលតែងតែកើតឡើងរៀងរាល់ឆ្នាំនាអំឡុងរដូវវស្សា ហើយដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ជាតិមានផ្លូវថ្នល់-ស្ពានជាដើម។ ស្ពានទាំង ៧កន្លែងនេះ ក៏ជាចំណែកមួយក្នុងការគាំទ្រដល់ផ្លូវជាតិទាំងពីរខ្សែនេះ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារខ្សែផ្លូវនេះត្រូវឆ្លងកាត់តំបន់ដែលមានសក្តានុពលខាងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ពិសេសដំណាំស្រូវនិងកៅស៊ូដែលអាចផ្តល់ជ័រសម្រាប់ទីផ្សារពិភពលោក។ ម្យ៉ាងវិញទៀត ផ្លូវជាតិលេខ១១ និង៧៣ នេះ គឺជាផ្លូវកាត់ចុះត្រង់ពីជើងមកត្បូង ស្របតាមបណ្តោយទន្លេមេគង្គ និងកាត់បឹងធំៗ សម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនពីតំបន់នានានៃភូមិភាគខាងជើង(រាប់ចាប់ ពីព្រំដែនកម្ពុជា-ឡាវ) និងភាគឦសាននៃប្រទេស(ព្រំដែនកម្ពុជា-វៀតណាម) ទៅកាន់គោលដៅ ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ ឬទៅតំបន់មាត់សមុទ្រ ឬកំពង់ផែសមុទ្រក្រុងព្រះសីហនុ ឬទៅកាន់រាជធានីភ្នំពេញ ឬទៅកាន់កំពង់ផែអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងគណៈអធិបតីអមដំណើរថ្នាក់ជាតិទាំងអស់ ព្រមទាំងអាជ្ញាធរខេត្ត ស្រុក និងផ្នែកពាក់ព័ន្ធ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាពេលនេះ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត ជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមអោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ​បុត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់ ពិសេសជូនដល់ ឯកឧត្តមឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការី និងអ្នកឯកទេសជប៉ុនទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ ចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។