ព័ត៌មានជាតិ

មេឈើឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងគំហុក ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចមិនហ៊ានប៉ះ

(រតន:គិរី) :ប្រភពមន្ដ្រីតូចតាចដែលបំរើការងារនៅក្នុងសាលាខេត្តរតន:គិរីនិងមួយចំនួនប្រចាំច្រកទ្វាព្រំដែនបានបង្ហើបឲ្យដឹងថា: មានមន្រ្តីធំជាបង្អែករឹងមាំទើបឈ្មួញឈ្មោះ មករា​ មានឥទ្ធិពលខ្លាំងក្នុងការដឹកជញ្ជូនឈើទៅប្រទេសវៀតណាម
តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល១សប្ដាហ៍ចុងក្រោយនេះឈ្មួញឈ្មោះ មករា បង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ មករា ប្រើរថយន្តសាំយ៉ុង4 ទៅ6 គ្រឿង ដើម្បីដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម ហើយក្នុងមួយថ្ងៃៗគេដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមពី4 ទៅ5 ជើងយ៉ាងរលូនគ្មានមន្រ្តីជំនាញ​ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។

លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតន:គិរី បានរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យឈ្មួញឈ្មោះ មករា បង្កើនសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ មករា បានឲ្យដឹងថា ដោយសារមានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញរូបនេះអាចដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ចូលក្រុងបានលុង ហើយដឹកជញ្ជូនឈើពីក្រុងបានលុង ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញទំហឹង។

ជាងនេះទៅទៀតឈ្មួញឈ្មោះ មករា មានមន្រ្តីធំជាបង្អែកយ៉ាងរឹងមាំ ទើបមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី មិនហ៊ានប៉ះពាល់ទាល់តែសោះ ដោយទុកឲ្យឈ្មួញរូបនេះដឹកជញ្ជូនឈើចេញទៅស្រុកយួនកាន់តែខ្លាំងក្លាជាងមុន។

ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី សម្ងំស្ងាត់ឈឹង ទោះបីឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅប្រទេសវៀតណាម យ៉ាងពេញបន្ទុកក៏ដោយ។

មន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទេនោះ គឺឈ្មួញឈ្មោះ​ មករា មិនអាចដឹកជញ្ជូនឈើទៅប្រទេសវៀតណាម បានឡើយ។

ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មាជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ មករា នៅក្នុងខេត្តរតនគិរី ជាបន្ទាន់។

 

ដោយសារថារយៈពេលមួយសប្ដាហ៍ចុងក្រោយនេះឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងគំហុក ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះទាល់តែសោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។