ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ក្នុងស្រុកកំចាយមារ

(ព្រៃវែង) :នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមរម្លឹកបន្តិចថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៃស្រុកកំចាយមារយើង សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ សម្របសម្រួល ក្នុងការអនុវត្តការងារ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ញាំងអោយកម្មវិធីសម្ពោធនាពេលនេះ ប្រព្រឹត្តទៅយ៉ាងរលូនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះអនុគុណស្រុក ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត អង្គពិធីទាំងមូល និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។