ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជួបណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម

(កំពង់ចាម) :នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាគណៈធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកំពង់សៀម។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះជយស្រុក -ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ -ប្រធាន អនុប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយឃុំ -បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រធានសាខាបក្សភូមិទាំងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានលើកយកតួអង្គសំខាន់ ចំនួន៤ ដែលនាំឱ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះ រួមមាន÷
តួអង្គទី១ -បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់
តួអង្គទី២ -ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ
តួអង្គទី៣ – នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍
តួអង្គទី៤ -ក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់

ឯកឧត្តម ប្រធានគណបក្សខេត្ត ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ រក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងបានរឹងមាំក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យរួមជូនគណបក្ស និងប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានគណបក្សខេត្ត បានលើកឡើងបន្តថា ដើម្បីរក្សាឲ្យបាននូវប្រៀបឈ្នះក្នុងការបោះឆ្នោត តម្រូវឲ្យបេក្ខជនឈរឈ្មោះ ក្រុមការងារ និងប្រធានសាខាបក្សភូមិ រួមគ្នាបន្តខិតខំបន្ថែមទៀត ចុះតាមខ្នងផ្ទះពង្រឹង ពង្រីកក្រុមបក្ស គ្រួសារបក្ស សមាជិកបក្ស ក៏ដូចជាដឹងសុខទុក្ខ កិច្ចការប្រឈម និងដោះស្រាយសំណើសំណូមពរចាំបាច់នានា របស់ប្រជាជនក្នុងមូលដ្ឋានរក្សាឧត្តមភាព និងពង្រីកជំនឿជឿជាក់ពីមហាជន មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។