ព័ត៌មានជាតិ

ពិធីប្រកាស ផ្លាស់ប្តូរប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន!

(បន្ទាយមានជ័យ)  លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ពិធីប្រកាស ផ្លាស់ប្តូរប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន ដោយលោក ស៊ិន ស៊ិញហឹង នាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត ចូលកាន់ដំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន ជំនួសលោក វ៉ាន់ ដារ៉ាន់ ប្រធានចាស់ដែលត្រូវដល់អាណត្តិការងារ ទៅបំពេញការងារនៅអង្គភាពវិញ ពិធីធ្វើនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់បឹងត្រកួនស្ថិតនៅភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២។
បន្ទាន់ពីការអានរបាយការណ៍ស្វាគមន៍របស់ លោកប្រធានការិយាល័យច្រកទ្វារព្រំដែនចាស់ ការអានប្រកាស និងមតិប្តេជ្ញាចិត្តរបស់ លោក ស៊ិន ស៊ិញហឹង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួនរួច។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សំណេះសំណាលឱកាសនោះ បានសម្តែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានទីស្នាក់ការច្រកចាស់ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចការងារតាមតួនាទីភារកិច្ចសម្រេចបានជោគជ័យនាពេលកន្លងមកនេះ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីនាពេលនេះជាដំណើរការជាធម្មតា តាមគោលការណ៍ច្បាប់ លោកប្រធានចាស់ត្រូវចប់អាណត្តិការងារ ទៅបំពេញការងារនៅអង្គភាពវិញ នៅសាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំ និងក្រើនរំលឹកដល់ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនបឹងត្រគួន និងមន្ត្រី កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការណ៍គ្នាអោយបានល្អ ជាពិសេសខិតខំសម្របសម្រួលរាល់កិច្ចការទាំងអស់ជាមួយភាគីថៃឲ្យបានកាន់តែល្អប្រសើរថែមទៀត៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។