ព័ត៌មានជាតិ

ស្ត្រីម្នាក់ ឱ្យតែផឹកស្រវឹង កាចខុសគេ! បើមិនអង្គុយយំ គឺចង់លោតទឹក និងរត់ចូលឡាន!

ភ្នំពេញ៖ ស្ត្រីម្នាក់ អង្គុយផឹកស្រា ជួបជុំគ្រួសារ។ លុះស្រវឹងជោគខ្លួនហើយ ស្រាបញ្ចេញ​ប្រតិកម្ម នាងអង្គុយយំ ព្រោះខឹងប្តី គ្មានមូលហេតុ ហើយរត់ទៅលោតទឹក ប្តីឃាត់ជាប់ បែរជារត់ចូល​ឡាន។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើស្ពាន​ដែកបាឡេ ក្នុង​សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

​ប្រភពព័ត៌មានពីប្តីរបស់ស្ត្រីខាងលើ បានប្រាប់​ថា មុនពេលកើតហេតុ ពួកគាត់ ២នាក់ប្តីប្រពន្ធ និងសាច់ញាតិ បានជួបជុំគ្នា ផឹក​ស្រា នៅសួនច្បារ ក្បែររង្វង់នាងមច្ឆា ផ្លូវ OCIC ក្នុង​សង្កាត់​ជ្រោយចង្វារ ដោយផឹកស៊ីសើចសប្បាយក្អាកក្អាយ។ ចំណែក​ប្រពន្ធរបស់គាត់ ផឹកអស់​ស្រាបៀរច្រើនកំប៉ុង និងក្លែមជាមួយក្តឹបស្វាយ រហូតស្រវឹងជោគជាំ ក៏ស្រែកយំ រករឿងគាត់ ដោយគ្មានមូលហេតុ នៅវង់ផឹក។ ពេលនោះ គាត់មិនសូវខ្វាយខ្វល់ ស្រាប់តែប្រពន្ធគាត់ រត់សំដៅឡើងទៅស្ពានដែកបាឡេ និងឡើងលើបង្កាន់ដៃ បម្រុងលោតទឹក។ ប៉ុន្តែសំណាងល្អ ពួកគាត់ចាប់ទាន់ និងហៅម៉ូតូកង់បី ជិះត្រលប់ទៅផ្ទះ នៅគីឡូម៉ែត្រលេខ៦​។ ​ខណ:ពេល​ដឹកប្រពន្ធមកដល់មុខធនាគាវឌ្ឍនៈ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុង​សង្កាត់គីឡូម៉ែត្រ​លេខ៦ ម្ចាស់កង់បី បានឈប់ អោយនាងចុះ ព្រោះទ្រាំនឹងការរំខានមិនបាន។ នៅពេលចុះពី​លើកង់បីនាងគិតតែពីស្រែកយំ ដេកននៀលដី ទោះជាមានអ្នកហាមអ្វីក៏មិនស្តាប់ និងព្យាយាម​រត់ចូលឡានគេ បើកតាមផ្លូវ​ទៀតផង។

ដោយសារតែប្តីស្ត្រីនោះ ក៏ស្រវឹង ហើយចាប់នាង​មិនឈ្នះ ស្ត្រីស្រវឹងស្រានោះ ក៏​ត្រូវបានអ្នករើស​អេតចាយម្នាក់ បានចូលទៅជួយចាប់ឃាត់ ក៏ត្រូវនាងស្វាគមន៍មួយជើង ត្រូវចំ​អាអូនតូចចុកឆ្អល់ និងលែងនាងវិញ ហើយដើរចេញ ឈប់ខ្វាយខ្វល់។

ប្រភពពីសាច់ញាតិស្ត្រីខាងលើ បានប្រា​ប់​ដឹងថា ស្ត្រីរូបនោះ អោយតែស្រវឹងខ្លាំង ដឹងតែចេញ​អាការៈបែបនេះហើយ។ តែពេលស្វាងស្រវឹង ក៏ភ្លេចអស់ទៅ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។