ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី «អ្វីដែលយើងត្រូវបន្តខិតខំប្រឹងប្រែងថែរក្សា និងពង្រឹងបន្ថែម គឺការឯកភាពទស្សនជាតិ»

(ភ្នំពេញ) : នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ធសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកមុជា  មានកិត្តិយសដែលមានឱកាសបានជួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ប្រមាណ ១៣៩២ នាក់ ដើម្បីសំណេះសំណាល ចែករំលែកបទពិសោធន៍ និងមេរៀនការងារដែលខ្ញុំផ្ទាល់បានឆ្លងកាត់ ព្រមទាំងទស្សនៈ សម្រាប់អនាគតប្រទេសជាតិបន្តទៅមុខ ក៏ដូចជាដើម្បីស្តាប់ និងរៀនសូត្របន្ថែមពីស្ថានភាព និងការប្រឈមនានាក្នុងវិស័យអប់រំកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានចាប់ផ្តើមដោយការចែករំលែកគោលគំនិតការឯកភាពទស្សនជាតិ ដែលជាគោលដៅនៃគោលគំនិត៣C សម្រាប់ការបណ្តុះផ្នត់គំនិតវិជ្ជមានចំពោះសង្គម តាមរយៈការចូលរួមជាផ្នែកមួយទំាងគំនិត អារម្មណ៍ និងស្មារតី ក្នុងភាពជាខ្មែរដែលមានទំនួលខុសត្រូវសម្រាប់អនាគតកម្ពុជា ជូនដល់អង្គពិធី។

ជាក់ស្តែងផ្តើមចេញពីថ្ងៃដែលយើងទទួលបានឯករាជ្យជាតិ ថ្ងៃរំដោះប្រទេសចេញពីរបបខ្មែរក្រហម និងថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា យើងបានរួបរួមគ្នាដោយស្មារតីនៃការឯកភាពក្នុងនាមជាខ្មែរតែមួយ ដោយអង្គការចាត់តាំងតែមួយ រាជរដ្ឋាភិបាលតែមួយ ហើយរស់នៅរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រតែមួយ។ ដូច្នេះ អ្វីដែលយើងត្រូវបន្តខិតខំប្រឹងប្រែងថែរក្សា និងពង្រឹងបន្ថែមគឺការឯកភាពទស្សនជាតិ។ ពាក្យថាទស្សនជាតិនេះ គឺសំដៅលើថា តើខ្មែរមានអ្វីជាការប្រទាក់ក្រឡានូវគោលគំនិតក្នុងនាមជាខ្មែរតែមួយ ហើយតើអ្វីជាផ្នត់គំនិតដែលសង្គមខ្មែរចង់បាន ក្នុងស្មារតីនៃជោគវាសនារួម និងបំណងប្រាថ្នារួមសម្រាប់ដំណើរឆ្ពោះទៅថ្ងៃអនាគត។

ជាមួយគ្នានេះដែរ តាមរយៈការចែករំលែកពីគោលគំនិត៣Cនាពេលនេះ ឯកឧត្តមប្រធាន សង្ឃឹមជឿជាក់ថា អង្គពិធីទាំងមូល ជាពិសេសគរុនិស្សិតគ្រប់ៗរូបដែលនឹងក្លាយខ្លួនគ្រូបង្រៀននាពេលដ៏ខ្លីខាងមុខ នឹងចូលរួមកសាងសង្គមជាតិកម្ពុជា ដោយការរួមគ្នាបណ្តុះធនធានសិស្សានុសិស្ស ឲ្យយល់ពីតម្លៃនៃការសិក្សា សីលធម៌ សុជីវធម៌ និងមូលដ្ឋានចំណេះដឹងនានាដទៃទៀតសម្រាប់អនាគតរបស់យុវជនជំនាន់ក្រោយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។