ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បុកកាមរីបាលែនបើកឆ្លងផ្លូវ និងជ្រុលកិនរ៉ឺម៉កដឹកសាច់គោ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់!

(ភ្នំពេញ) : នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកុងតឺន័រមួយគ្រឿង បើកបុករថយន្តកាមរីបាលែន មួយគ្រឿងបើកឆ្លងផ្លូវ និងជ្រុលទៅកិនម៉ូតូរ៉ឺម៉កដឹកសាច់គោ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បើកបុករថយន្តកាមរីបាលែន មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-3315 បើកបរឆ្លងផ្លូវ និងជ្រុលទៅកិនរ៉ឺម៉កម៉ូតូដឹកសាច់គោយកទៅលក់នៅផ្សារដើមគ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ចំពោះទិដ្ឋភាពនៅកន្លែងកើតហេតុនោះវិញ ឃើញថារថយន្តកាមរីបាលែន បានខ្ទេចផ្នែកខាងមុខរងការខូចខាតធ្ងន់ធ្ងរ ។ ចំណែកឯរ៉ឺម៉កម៉ូតូដឹកសាច់គោ ត្រូវបានរថយន្តកុងតឺន័រកិននៅក្រោយរថយន្តបណ្តាលឲ្យខ្ទេចតែម្តង ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើល និងធ្វើការវាស់វែងយកវត្ថុតាងដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ទៅដាក់អែបខាង ។ បន្ទាប់មកបានឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ បើការចរចាមិនត្រូវគ្នានោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់បន្តទៀតនៅពេលក្រោយ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។