ព័ត៌មានជាតិ

សាច់ឆ្កែក្លាស្សេ​ជាង១តោនដឹកចេញពី​បន្ទាយ​មាន​ជ័យ ប្រុង​លោតឆត្រទៅភ្នំពេញ ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់យកទៅដុតកំទេចចោល !

(ខេត្តសៀមរាប) : ​សាច់​សត្វ​សុនខ (​ឆ្កែ​) ក្លាស្សេ ​ដែល​ឈ្មួញ​ដឹក​ចេញពី​ខេត្ត​បន្ទាយ​មាន​ជ័យ ​ឆ្លងកាត់​ខេត្តសៀមរាប បម្រុង​​លោត​ឆត្រ​យក​ទៅ​លក់​នៅ​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តសៀមរាប​បង្ក្រាប​បាន​ ។ ហេតុការណ៍​ការ​ដុត​កម្ទេច​ចោល​នេះ​ ធ្វើ​ឡើង​កាលពី​​រសៀល​ថ្ងៃ​ទី​១៦​ សីហា​ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​តំណាង​អយ្យការ​អម​សាល​ដំបូង​ខេត្ត​, លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ខេត្តសៀមរាប និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្តសៀមរាប​បានឱ្យ​ដឹង ​នា​រសៀល​ថ្ងៃ​ទី​១៦​ សីហា ថា មុន​កើតហេតុ​ នៅ​វេលា​ម៉ោង ០១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត កូរ៉េ ដឹក​ទំនិញ ០១​គ្រឿង ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A.1924 មាន​បទល្មើស​ដឹក​សត្វ​សុនខ (​ឆ្កែ​)​ក្លា​សេ​(​ពិឃាត​រួច​)​ចំនួន​៣​ធុង​ធំ និង​១​ធុង​តូច ចំនួន​១៣៤​ក្បាល ទម្ងន់​ប្រមាណ​១៣០០​គីឡូក្រាម ប្រព្រឹត្ត​ដោយ​ឈ្មោះ ណា​ន ឆាត ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។​ លោក​បាន​បន្ត​ថា តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ម្ចាស់សត្វ​សុនខ (​ឆ្កែ​) បាន​ប្រាប់​នៅ​មុខ​សមត្ថកិច្ច​យើង​ថា​សត្វ​សុនខ (​ឆ្កែ​) ទាំងនេះ ដែល​បាន​ដឹក​ចេញ ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។​

លោក​បញ្ជាក់​ថា ដោយមានការ​ចូលរួម​ណែនាំ​ពី​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ង៉ិ​ល សុ​វ​ណ្ណា​រិ​ទ្ធ ព្រះ រាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្តសៀមរាប នៅ​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ដដែល ក្រុមការងារ​ដោយ​មានការ​រៀបចំ​ពី​មន្ត្រី​ជំនាញ បាន​អនុវត្ត​ដោយ​ការ​ដុត​កម្ទេច និង​កប់ចោល​តាម​វិធានការ​បសុពេទ្យ ។​

ចំណែក​រថយន្ត​ដឹក​សត្វ​សុនខ មន្ត្រី​ជំនាញ​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេ​សាទ ខេត្តសៀមរាប ។​ចំណែក ម្ចាស់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រង​ចាំ​ឱ្យ​ចូលខ្លួន​មក​ដោះ​ស្រាយ តាម​នីតិវិធី​ច្បាប់​។ លោក ព្រំ វិច បាន​សំណូមពរ​ចំនួន ៣​ចំណុច​ថា ទី​១-សូម​ឱ្យ​អាជីវក​រទាំង អស់​រកមុខ​របរ​ថ្មី ថ្លៃថ្នូរ​ស្របច្បាប់​។ ទី២-លើក​តម្លៃ​ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ផង​ដែរ និងទី​៣-​ចំពោះ​អ្នក​និយម​ពិសារ​សាច់​សុនខ ក្នុង​រយៈកាល​កន្លង​មក មេត្តា​អធ្យាស្រ័យ​យល់យោគ ពីព្រោះ​វា​អាច​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ហូប ​និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ព្រោះ​សត្វ​សុនខ​
(​ឆ្កែ​) ទាំងនោះ​វា​មិនមែន​មាន​សុខភាព​ល្អ​ទាំង​អស់នោះ​ទេ​។

គួរ​រម្លឹក​ថា ថ្នាក់ដឹកនាំ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ និង អាជ្ញាធរ​ខេត្ត សៀមរាប បាន​យកចិត្តទុកដាក់ និង​ជំរុញ​ឱ្យ​មានការ​ឈប់​ជួញដូរ​សាច់​សុនខ​(​ឆ្កែ​) ដើម្បី​លើកមុខ​មាត់​នៃ​ខេត្ត​ទេសចរណ៍ និងដើម្បី​ការពារ​សុខភាព​ពលរដ្ឋ​ផង​ដែរ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។