ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា

(ភ្នំពេញ) ៖ នៅល្ងាចថ្ងៃទី១៨  ខែសីហារ ឆ្នាំ២០២២នេះឯកឧត្តម ស សុខា រដ្ធលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា ក្នុងនាមប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា និងលោកជំទាវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន ផ្នែកជំនាញ សមាជិក សមាជិកាគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នៅភោជនីយដ្ឋាន មីង មិន (Ming Men) ។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ របស់គណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលបានបញ្ចប់សេចក្ដីព្រាង នៃការតាក់តែងច្បាប់នេះ ជាស្ថាពរ និងបញ្ជូនទៅកាន់ស្ថាប័នជំនាញ ។

ក្នុងនោះដែរឯកឧត្តម ស សុខា  ក៏សូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការសិក្សា ស្រាវជ្រាវ តាក់តែងច្បាប់អនុគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងចូលរួមអង្គប្រជុំប្រមាណ ១២៦លើក ជុំវិញការរៀបចំតាក់តែងច្បាប់កីឡានេះ ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២ ។ នេះជាភាពជោគជ័យមួយជំហាន ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ជាការពិតណាស់! ការតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា គឺជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាករម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម ។

ច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលមាន ១២ជំពូក ៣១៦មាត្រា និង ៣២ផ្នែក គឺជារបស់កម្ពុជា និងត្រូវតែមានមោទកភាពសម្រាប់អ្នកបន្តវេនរបស់យើង ។

ការតាក់តែងចងក្រងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា គឺជាយន្តការនៃការកែទម្រង់ស៊ីជម្រៅមួយក្នុងការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា និងធ្វើឱ្យការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា កាន់តែមានលក្ខណៈត្រឹមត្រូវ និងខិតជិតទៅនឹងនិយាមនៃស្តង់ដារអន្តរជាតិ មិនតែប៉ុណ្ណោះធ្វើឲ្យវិស័យនេះ កាន់តែបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសគឺជាបេសកកម្មក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ឲ្យកាន់តែមានប្រសិទ្ធភាព ។ ច្បាប់នេះនឹងក្លាយជាប្រទីបមួយ ជួយរួមចំណែបំភ្លឺផ្លូវបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា នាឆ្នាំ២០២៣ ពេលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រអច្ឆរិយរបស់យើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។