ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល ធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ

(ភ្នំពេញ) :នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st GENERAL ASSEMBLY) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែល ធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខ នេះឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៊ីជម្រៅ។

សម្តេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានាសំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗដែលកើតចេញ ពីការប្រែប្រួលនិន្នាការនានាក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម និងការកើន ឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យា ឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។