ព័ត៌មានជាតិ

ស្ត្រីជាថៅកែខុនដូម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការ ករណីចេញសែកគ្មានសាច់បា្រក់ចំនួន៥៥ម៉ឺនដុល្លារ!

(ភ្នំពេញ) ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួន ហើយនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានអនុរក្សពន្ធធនាគានាំខ្លួនមកសាកសួបន្ថែមជុំវិញករណី មិនបំពេញកាតព្វកិច្ចចំពោះឧបកណ៍ ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ចំនួន៥៥ម៉ឺនដុល្លារ។

តែទោះជាយ៉ាងណា សម្រាប់ករណីនេះ តាមសេចក្តីរាយការណ៍មួយចំនួន បានបញ្ជាក់ថា ស្ត្រីត្រូវចោទក៏កំពុងឲ្យសាច់ញាតិរបស់ខ្លួនរត់ការ ដើម្បីសុំនៅក្រៅឃុំផងដែរ។

យោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ ហាវ ច័ន្ទថារិទ្ធ អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥៤៦ ផ្លូវម៉ៅសេទុង ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលដាក់មកកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ហេង ណារ៉ោន ភេទស្រី ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលេខ១០១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពាក្យបណ្តឹងខាងលើ បានបន្តថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ ហេង ណារ៉េន បានមកទំនាក់ទំនងជនរងគ្រោះ ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន៥៥០,០០០ដុល្លារ ដើម្បីយកដាក់ទុនរកស៊ីជាបន្ទាន់ ហើយបានចេញ មូលប្បទានបត្រចំនួន២សន្លឹក លេខ:០៤១៥៨១ ចុះថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ និងលេខ ០៤១៥៨០ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន២០០,០០០ដុល្លារ របស់ ធនាគារកាណាឌីយ៉ា មកឲ្យជនរងគ្រោះទុកបើកថ្ងៃក្រោយ។

ដោយមានភាពជឿទុកចិត្ត ជនរងគ្រោះក៏បានប្រគល់ប្រាក់ចំនួន ៥៥០,០០០ដុល្លារ ទៅឲ្យជនសង្ស័យតែម្តង។ លុះមកដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកមូលប្បទាបត្រ លេខ០៤១៥៨១ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ទៅបើកប្រាក់ ស្រាប់តែជនសង្ស័យ បានសុំពន្យាពេលឲ្យធ្វើការដកប្រាក់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វិញ ហើយពេលនោះជនរងគ្រោះក៏បានយល់ព្រមទៀត។

លុះមកដល់ថ្ងៃកំណត់ (ខាងលើ) ជនរងគ្រោះ បានយកមូលប្បទាបត្រទាំងអស់នោះ ទៅបើកប្រាក់ ស្រាប់តែមន្ត្រីធនាគារ បានបញ្ជាក់ថា មូលប្បទានបត្រនេះ ត្រូវបានបិទគណនី (Account Closed)ហើយ ។ ក្រោយទទួលបានការបញ្ជាក់ពីបុគ្គលិកធនាគារ ជនរងគ្រោះក៏បានទំនាក់ទំនងទៅជនសង្ស័យ តែពុំអាចទាក់ទងបានទេ ដោយគេចខ្លួនតែម្តង។

ក្រោយគេចខ្លួនមិនទទួលខុសត្រូវ ទើបជនរងគ្រោះប្តឹងមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវដឹងថា ជនសង្ស័យបានគេចខ្លួនចាកចេញពីអាស័យដ្ឋានសព្វថ្ងៃនេះ ហើយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឆែកលេខទូរស័ព្ទ។

ដើម្បីធានាក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងតាមនីតិវិធី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សំណូមពរមកព្រះរាជអាជ្ញា អនុញ្ញាតជួយចេញដីកាបញ្ជាឲ្យចូលខ្លួន មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងតាមនីតិវិធីតែម្តង។

ជុំវិញករណីខាងលើជនរងគ្រោះ ស្នើសុំយ៉ាងទទូចទៅស្ថាប័នតុលាការ សូមជួយរកយុត្តិធម៌ឲ្យគាត់ ខណៈមានសេចក្តីរាយការណ៍ថា ស្ត្រីជាជនសង្ស័យខាងលើកំពុងតែរត់ការ ដើម្បីសុំនៅក្រៅឃុំ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។