ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករ កម្ពុជា

(ភ្នំពេញ) ÷នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចាំបាច់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករកម្ពុជាក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណ:ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា “វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា” ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិ ការក្រសួង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែងរបស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់រដ្ឋបាលជលផលនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត រួចកំណត់ចេញអំពីបរិមាណផ្គត់ផ្គង់ និងតម្រូវការច្បាស់លាស់មួយ។
២- ត្រូវពង្រឹង និងពង្រីកបន្ថែមទៀតលើការងារផ្សព្វផ្សាយបច្ចេកទេស បែបបទរដ្ឋបាល និងឯកសារគតិយុត្តដែលមានស្រាប់ដល់សមាជិកសមាគម។
៣- ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្ម ដោយត្រូវសហការជាមួលភាគីពាក់ព័ន្ធ និងសមាគម។
៤- ជួយរៀបចំចងក្រងបណ្តុំអាជីវកម្ម ឬបណ្តាញចិញ្ចឹម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបរិមាណផលិត និងតម្រូវការ។
៥- ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីបច្ចេកទេសចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណាបង្កើនផលិតភាពចិញ្ចឹមក្នុងផ្ទៃដីស្រះទឹកដដែល ដើម្បីធានាបាននូវសុខុមាភាព វិបុលភាព និងនិរន្តរភាពនៃវិស័យវារីវប្បកម្មកម្ពុជាក្នុងពេលអនាគតដ៏ខ្លី។

ដោយឡែងចំពោះសមាគមវារីវប្បករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដូចខាងក្រោម៖

១- ត្រូវរួមសហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែបទាំងបរិមាណ និងគុណភាពឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។
២- រៀបចំបណ្តុំ ឬបណ្តាញអាជីវកម្មចិញ្ចឹមត្រីឲ្យបានទូលំទូលាយ អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវទាំងកម្មវិធីផលិតកូន កម្មវិធីចិញ្ចឹម និងកម្មវិធីទីផ្សារ។
៣- ខិតខំរួមសាមគ្គីគ្នាអនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អសម្រាប់ការប្រកួតប្រជែង។
៤- កាត់បន្ថយភាពអសកម្ម បង្កើនសកម្មភាពជំរុញ លើកទឹកចិត្ត គាំទ្រ និងផ្សព្វផ្សាយអំពីតម្រូវ ការទីផ្សារ បរិមាណ និងតម្លៃក្នុងរង្វង់សមាគមឲ្យបានទូលំទូលាយ។
៥- ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្មខុសច្បាប់តាមគ្រប់រូបភាព។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សមាជិកសមាគមវារីវប្បករទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងនេះឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។