(ព្រៃវែង) ៖ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមចូលរួមអបអរសាទរដ៏ស្ម័គ្រស្មោះអស់ពីចិត្ត និងចងចាំជានិច្ចនូវខួបលើកទី ៤៤ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
សច្ចធម៌នៃប្រវត្ដិសាស្ដ្រនេះហើយដែលបញ្ជាក់ថា កំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា បានធ្វើអោយប្រជាជនកម្ពុជាយើង ក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ និងកសាងមាតុភូមិរបស់ខ្លួនឡើងវិញមកដល់បច្ចុប្បន្ននេះ។