ព័ត៌មានជាតិ

UPDATE: កម្លាំងប្រតិបត្តិការជួយសង្គ្រោះកំពុងរុករកជនរងគ្រោះអ្នកដែលសង្ស័យជាប់គាំង ក្នុងអគារកាស៉ីណូ ដែលត្រូវភ្លើងឆេះនៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖ របាយការណ៍បន្ថែមនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។

លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា គ្រាដែលអគ្គិភ័យអាចគ្រប់គ្រងបានទាំងស្រុងនេះ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលនៅពេលនេះកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលបានជាប់គាំង នៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។

បើតាមលោកអភិបាលខេត្ត រហូតមកដល់ពេលនេះ មានមនុស្ស១១នាក់ ត្រូវបានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស។

យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហា៊នដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។