ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

(ភ្នំពេញ) ៖នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅថ្ងៃនេះ ក្រៅតែពីការសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាអំណោយដល់ថ្លៃថ្លារបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយកុមារី និងយុវតី ប្រកបដោយក្តីក្តុកក្តួល ចំពោះបញ្ហាដែលពួកគេជួបប្រទះ ពេលកន្លងមក។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពចំពោះការជួយជ្រោមជ្រែង ដើម្បីជាប្រយោជន៍សម្រាប់កុមារី និងយុវតីរងគ្រោះនៅអង្គការអាហ្វេស៊ីប។សម្តេចតេជោក៏បានអំពាវនាវដល់បុរសៗទាំងឡាយត្រូវបញ្ឈប់ការធ្វើសកម្មភាពដែលមិនមានសីលធម៌របស់មនុស្សនៅក្នុងសង្គម។សម្តេចតេជោក៏បានអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ក្មេងស្រីតទៅទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានផ្តល់ការឧបត្ថម្ភនៅអង្គការអាហ្វេស៊ីប ព្រោះការឧបត្ថម្ភនេះ គឺជាការឧបត្ថម្ភចំកន្លែងដែលគួរឧបត្ថម្ភ សម្រាប់ជួយកុមារដែលរងគ្រោះទាំងអស់នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ឱ្យកុមារីនៅអង្គការអាហ្វេស៊ីប ត្រូវតែបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ហើយសម្តេចក៏បានប្រកាសធានាដល់ការសិក្សារបស់ក្មេងស្រីរងគ្រោះនៅអង្គការអាហ្វេស៊ីបនេះ ដោយផ្ដល់ជាអាហារូបករណ៍សិក្សារហូតថ្នាក់ឧត្តមសិក្សា។ សម្តេចក៏រីករាយផងដែរ ចំពោះកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីប ដែលបានប្រលងជាប់ចូលក្របខណ្ឌនគរបាល និងយោធានាពេលកន្លងទៅ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើនការឧបត្ថម្ភថវិកាដល់អង្គការអាហ្វេស៊ីបពី ១០លានរៀល ទៅ ២០លានរៀល សម្រាប់ចំណាយលើការហូបចុក។ ការដំឡើងនេះចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣តទៅ និងបន្តផ្តល់ប្រាក់១០ម៉ឺនរៀលដល់ក្មេងស្រីនៅអង្គការអាហ្វេស៊ីប។សម្តេចក៏បានសម្រេចឧបត្ថម្ភដល់អង្គការអាហ្វេស៊ីប ចំនួន៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាតម្រូវការផ្សេងៗទៀតផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពទទួលសំណើរ កុំឱ្យនាំយកុមារីរងគ្រោះដោយការរំលោភបំពានអាយុក្រោម៥ឆ្នាំឡើងតុលាការ ប្រឈមជាមួយជនល្មើសនោះទេ។សំណើនេះ ធ្វើឡើងតាមការស្នើរបស់លោកស្រី ម៉ម សុម៉ាលី នាយកអង្គការអាហ្វេស៊ីប។

មុននឹងបញ្ចប់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់ចៅៗ ក្មួយៗទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អក្នុងជីវិតនៅពេលអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។