ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
☆លទ្ធផល:
ក-ចាប់ខ្លួន:ជនសង្ស័យ ០១នាក់:
-ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។
ខ-វត្ថុតាងចាប់យកបាន :
-សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង
៨០,២៤ ក្រាម។
-រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

កម្លាំងជំនាញយើងបន្តការស៊ើបអង្កេត ដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ លុះនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១៩:១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង(រាជធានីភ្នំពេញ) និង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ បន្តឈាន ទៅបង្ក្រាបបានបណ្តាញខ្សែរយៈ នៅចំណុចតាមបណ្តោយ ផ្លូវជិតផ្សារអគ្គមុខបេនឡានក្រុង ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលដូចខាងក្រោម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១-ឈ្មោះ សេង ដាលីនសិដ្ឋ ហៅ ចិន ភេទប្រុស កើត ១៩៨០ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ)
២-ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។
ខ-វត្ថតាងចាប់យក: គ្រឿងញៀនសរុបទម្ងន់ ៨ គ.ក្រ ៧១៥,៦៧ ក្រាម
១-មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម
២-មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម
៣-ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម
៤-អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម
៥-កេតាមីន ៦៧២,៩៧ ក្រាម
៦-នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម

ដោយឡែកសារធាតុមិនច្បាស់លាស់ ៩០២៨,៦៣ ក្រាម ។
អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។