ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះ គណៈរដ្ឋមន្រ្តីថ្មី បើកកិច្ចប្រជុំពេញអង្គលើកដំបូង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។

កិច្ចប្រជុំនេះ ក៏មានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់នាយករដ្ឋមន្រ្តី (Dr. Hun Manet, Prime Minister of Cambodia) រួមទាំងបណ្តាញព័ត៌មាននានារបស់ Fresh News ផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសមាសសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សានាថ្ងៃនេះរួមមាន៖

១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។
៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥៖ បញ្ហាផ្សេងៗ

សូមបញ្ជាក់ថា ការបើកសម័យប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិ​ទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។