ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានរៀបចំកិច្ចប្រជុំផែនការគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៥ឆ្នាំ ឆ្នាំ២០២៤-២០២៨

(សៀមរាប) ៖នាថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៣​ ឯកឧត្តម សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននាយកដ្ឋានផែនការ និងស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយសេនីយ៍កិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ និងលោក​ អ៉ឹង​ គឹមលាង​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីប្រមូលធាតុចូលពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង ស្រុក ដើម្បីដាក់បញ្ចូលនៅក្នុងផែនការថ្នាក់ជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៥ឆ្នាំ​ ឆ្នាំ២០២៤-២០២៨​ ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ​ រដ្ឋបាលក្រុង ស្រុក​ និងប្រតិភូអមដំណើរ និងទីប្រឹក្សាបច្ចេកទេស UNDP។

ការរៀបចំកិច្ចប្រជុំនេះដែរ​ ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសកម្មភាពការអនុវត្តការរបស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដាក់បញ្ចូលនៅក្នុងផែនការថ្នាក់ជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៥ឆ្នាំ ឆ្នាំ២០២៤-២០២៨។ ជាមួយគ្នានោះដែរបន្ទាប់មានកិច្ចពិភាក្សា លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានណែនាំដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ត្រូវសហការគ្នាអនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយឱ្យបានល្អប្រសើរ និងត្រូវរៀបចំធ្វើផែនទីចង្អុលបង្ហាញអំពីតំបន់ដែលងាយរងគ្រោះប្រឈមនឹងគ្រោះមហន្តរាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។