ព័ត៌មានជាតិ

មន្ដ្រីជំនាញសហការគ្នា នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រព្រឹត្តអំពើលពុករលួយយ៉ាងរលូន!!

ប្រភពពីក្រុមឈ្មួញតូចតាចបង្ហើបឲ្យដឹងថាពីមន្រ្តីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀមកំពុងសហការគ្នាប្រព្រឹត្តអំពើលពុករលួយ បច្ចុប្បន្ននេះលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ការដែលលោក អ៊ុំ ចាន់រតនា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារតែអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ។ ប្រសិនបើគ្មានការបើកដៃពីលោក យូ ហេង ជាចៅហ្វាយនាយទេនោះគឺលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។

ប្រភពស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានឲ្យដឹងថា អំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា អាចប្រព្រឹត្តទៅដោយរលូនគឺមានកិច្ចសហការពីសំណាក់លោក វរសេនីយ៍ឯក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូងផងដែរ។ លោក​ ផាត់ វីរៈ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលចាំជួយជ្រោមជ្រែងលោក ផាត់ វីរៈ គ្រប់ពេលវេលា។ ប្រភពស្និទ្ធនឹងលោក ផាត់ វីរៈ បានឲ្យដឹងថាបើទោះបីលោក ផាត់ វីរៈ គ្មានតួនាទីប្រមូលពន្ធ ដូចសមត្ថកិច្ចគយយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់ឈ្មួញនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូងគឺគ្មានឈ្មួញណាអាចរំលងលោក ផាត់ វីរៈ បានឡើយ។

មន្រ្តីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា កិច្ចសហការពុករលួយរវាងលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះអំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា ជារឿងមិនអាចបិទបាំងបានទេ។ បើតាមប្រភពពីមន្រ្តីគយនៅខេត្តបាត់ដំបង បានឲ្យដឹងថាលោក អ៊ុំ ចាន់រតនា មិនញញើតក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នោះទេ​ ព្រោះមានលោក យូ​ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។