ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុវិស័យដំណាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានខិតខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីសម្រេចបានលទ្ធផល ល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើឱ្យខិតខំបន្ថែមទៀតក្នុងការ តម្រង់ទិសដៅកសិករឱ្យឈានទៅរកការធ្វើកសិកម្មទំនើប ដើម្បីការនាំចេញប្រកបដោយនិរន្តរភាព និងវឌ្ឍនភាពខ្ពស់ ហើយការងារនេះ ត្រូវមានការចូលរួមជាសំខាន់ពីវិស័យឯកជនផងដែរ។

លើសពីនេះទៀត ត្រូវពិនិត្យ និងយកចិត្តទុកដាក់លើបញ្ហាពូជដំណាំ បញ្ហាទីផ្សារ បញ្ហាជីនិងថ្នាំកសិកម្ម និងធនធានមនុស្ស ដើម្បីគុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃទីផ្សារក្នុងស្រុក ព្រមទាំងអាចផ្តល់ផលចំណេញដល់អ្នកផលិត។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញមានការអភិវឌ្ឍវិស័យកសិកម្ម ១.ដោយដំណាំសាកវប្បកម្ម ដាំនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ទឹកមានលក្ខណៈស្តង់ដា ២. ដំណាំស្រូវ នឹងមានប្រព័ន្ធពូជសុទ្ធ ទូទាំងប្រទេសដែលមានវិញ្ញាបនបត្រច្បាស់លាស់ ដែលអាចផលិតពូជពិតប្រាកដ និងគ្រប់កន្លែង ៣. កសាងប្រព័ន្ធធនធានមនុស្សអោយមានប្រសិទ្ធភាព និងគិតគូរផែនការឱ្យបានច្បាស់លាស់។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំស្រូវសម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ផ្តល់បរិមាណផលសរុប ១១,៦២លានតោន។ លើសពីនេះទៀត ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា យើងបានផ្គត់ផ្គង់គ្រាប់ពូជស្រូវចំនួន ៦.៧១២,២៥តោន ដើម្បីចែកជូនគ្រួសាររងគ្រោះដោយធម្មជាតិនៅចំនួន ២២ខេត្ត។ ចំពោះផ្ទៃដីសាកវប្បកម្ម សម្រេចបាន២៧៥.៦២៥ហិកតា ផ្តល់បរិមាណផលសរុប ៤,៤២លានតោន និងបានចូលរួមផលិតគ្រាប់ពូជដំណាំបន្លែចំនួន ១៨,៣០តោន ហើយបានចែកជូនគ្រួសាររងគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤.៧២៥គ្រួសារ ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា។ ចំណែកដំណាំឧស្សាហកម្មសម្រេចបាន ១,៥៧ហិកតា ផ្តល់បរិមាណផល ១៨,៦៧លានតោន។ រីឯការនាំចេញមានវិញ្ញាបនបត្រមានចំនួន ៨,៦១លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨៨%។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។