ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកឲ្យប្រជាពលរដ្ធបន្តប្រុងប្រយ័ត្នចំពោះការរាតត្បាតនៃជំងឺកូវីដេ-១៩

(ភ្នំពេញ)៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បាន​ក្រើន​រំលឹកឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះការរាតត្បាត​នៃ​ជំងឺកូវីដ-១៩ ដោយលោកស្រីវេជ្ជបណ្ដិត បានរំលឹកអំពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺត្រូវអនុវត្តន៍ វិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា។

លោកស្រី ឱ វណ្ណឌីន បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន នាថ្ងៃទី២១ ខែធ្នូនេះថា ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមើលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបើកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩​។

លោកស្រី បានថ្លែងបន្ត ថា សុំកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩​ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយើងដោយងាយស្រួល​ និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង។ ដូច្នេះ​ សូមលោកអ្នក​ មេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺ​ត្រូវអនុវត្តន៍​ វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ឲ្យបានគ្រប់ៗគ្នា​។

លោកស្រី បានបន្តថា«ខ្ញុំសុំជម្រាបជូនថា ការធ្វេសប្រហែសរបស់បុគ្គល​ និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៍ដោយមិនដឹងខ្លួន។ ដូច្នេះ​ការខិតខំអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​ សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់»។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងទៀតថា «យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ​ ដែលអាចកើតមានឡើងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លើបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវ តាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រ​សួងសុខាភិបាល»​។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវថា «ខ្ញុំសូមអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៍នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រើនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា​ ដូចជាពេលលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដើម»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។