ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ ១៣គីឡូម៉ែត្រ ក្នុងស្រុកព្រៃឈរ

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ១ខ្សែប្រវែង ១៣គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន៦ ក្នុងចំណោមឃុំចំនួន២ រួមមានឃុំ បឹងណាយ និងឃុំ ក្រូច ស្រុកព្រៃឈរ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ នៅក្នុងខេត្តកំពង់ចាមយើងមានហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលយើងធ្វើការសាងសង់ និងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវគមនាគមន៍របស់យើង នៅគ្រប់ទីកន្លែង នៅក្នុងខេត្ត ក៏ដូចជានៅក្នុង មូលដ្ឋាន ភូមិ ឃុំ ដែលយើងទាំងអស់គ្នា កំពុងតែជួបជុំ រីករាយ និងអបអរសាទរ។ដោយឡែកនៅថ្ងៃនេះយើងបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូ ប្រវែង ១៣គីឡូម៉ែត្រ ដើម្បីធ្វើការដោះស្រាយបញ្ហា និងឆ្លើយតបនឹងតម្រូវ ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីរលេីផ្លូវនេះ។

ឯកឧត្តមបានបន្ថែមថា ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេស្ថិតនៅក្នុងស្រុកព្រៃឈរ យើងនិងបន្តអភិវឌ្ឍន៍ពីផ្លូវក្រាលគ្រួសក្រហម ទៅកៅស៊ូ ពីកៅស៊ូទៅផ្លូវបេតុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមាន ការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ​ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ ប្រទេសជាតិយើង ។

ឯកឧត្តមបានបន្ថែមទៀតថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើង នៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា ។ ក្នុងនោះ ឯកឧត្តមក៏អរគុណចំពោះបង ប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងមូលដ្ឋាន ឃុំបឹងណាយនេះ ដែលបានបោះឆ្នោតគាំទ្រគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលនេះ គឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើង មានការជឿជាក់ថា មានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានតែសម្ដេចតេជោប៉ុណ្ណោះ ដែលនៅកៀករួមសុខ រួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថា បងប្អូននឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំបន្តទៀតសម្រាប់អភិវឌ្ឍន៍ប្រទេសរបស់យើងអោយស្មើមុខស្មើមាត់ជាមួយបណ្តាលប្រទេសនានាក្នុងសកលលោកក៏ដូចជាមូលដ្ឋានរបស់យើង ឲ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។