ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប​ បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាចំនួន​ ២៩៤នាក់ ស្រី ១១៣នាក់​ ជាអវិជ្ជមាន

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និង មន្ត្រីស្ម័គ្រចិត្ត ព្រមទាំងបុគ្គលិកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តសៀមរាប មានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និង ទីចាត់ការ អង្គភាព ចំណុះឱ្យសាលាខេត្ត សៀមរាប និង មន្ត្រីរាជការ ចំនួន៣៣៩នាក់ ស្រី១២០នាក់​ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោក លី វណ្ណៈ​ នាយករដ្ឋបាលសាលាខេត្ត បានគូសបញ្ជាក់ថា ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀបចំធ្វើតេស្ត ដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។ លោក​ បានបញ្ជាក់ថា​ មន្ត្រីបុគ្គលិករួមទាំងមន្រ្តីកិច្ចសន្យា មន្រ្តីហាត់ការ ដែលបម្រើការងារនៅសាលាខេត្តសៀមរាប មានចំនួនសរុប ៣៣៩នាក់ ស្រី១២០ នាក់។

ឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបានសហការល្អ ក្នុងរៀបចំបុណ្យទន្លេ បានដំណើរការទៅប្រកបដោយជោគជ័យ ធានាបានសន្តិសុខ សុវត្ថិភាពខ្ពស់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់។ ឯកឧត្តមក៏បានបញ្ជាក់ឱ្យថា ការធ្វេីតេស្តរកធាតុញៀនលេីមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

សូមបញ្ជាក់ថា​ ជាលទ្ធផលមន្ត្រីរាជការដែលបានចូលរួមធ្វើតេស្ត មានចំនួន​ ២៩៤នាក់ ស្រី ១១៣នាក់​ សុទ្ធតែអវិជ្ជមាន និងអវត្តមានដោយសារជាប់បំពេញបេសកកម្ម និងសុំច្បាប់ ៤៥នាក់ ស្រី ៧នាក់​ ដែលនឹងត្រូវធ្វើតេស្តនាពេលបន្ទាប់ឱ្យបានគ្រប់មន្ត្រី និងបុគ្គលិកទាំងអស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។