ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្តាហ៌ ដើម្បីលើកស្ទួយផលិផលរបស់កសិករក្នុងខេត្ត

(ខេត្តប៉ៃលិន)៖ ដើម្បីលើកស្ទួយដល់ផលិតផលរបស់ប្រជាកសិករក្នុងខេត្ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញពិនិត្យមើលការ លក់ ដូររបស់ អាជីវករនៅសួនកុមារ និងត្រៀមទីតាំងសម្រាប់ផ្សារសហគមន៍ចុងសប្ដាហ៍ ក្នុងគោលបំណង ជួយផ្សព្វផ្សាយផលិតផលកសិកម្ម រួមចំណែកលើកកម្ពស់ជីវភាពគ្រួសារប្រជាកសិករ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ផងដែរ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះការបង្កើតផ្សារសហគមន៍ចុងសប្តាហ៌ គឺជាការ ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករឱ្យកាន់តែល្អប្រសើឡើង។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការរៀបចំផ្សារសហគមន៍ចុងសប្តាហ៌នេះ គឺជា ជំហ៊ាន ដំបូងប៉ុណ្ណោះ ដូច្នេះមន្ទីរជំនាញ ពាក់ព័ន្ធ និង អង្គការ ដៃគូ ត្រូវខិតខំ ជួយសម្របសម្រួលដល់កសិករអ្នកផលិតក្នុងខេត្ត យកផលិតផលរបស់ខ្លួនឱ្យបានច្រើន មុខមកដាក់តាំងលក់ នាពេលខាងមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងធ្វើឱ្យទីផ្សារនេះកាន់តែរីកធំឡើង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ សូមចូលរួមគាំទ្រ ដល់គម្រោងផ្សារសហគមន៍ចុងសប្ដាហ៍ ដើម្បីលើកស្ទួយកម្រិតជីវភាព ក៍ដូចជាលើកស្ទួយផលិតផល របស់ប្រជាកសិករក្នុងខេត្តផងដែរ ។

បើតាមការបញ្ជាក់របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា៖ ផ្សារសហគមន៍ចុងសប្តាហ៍ ដែលគ្រោងដំណើរការនាពេលខាងមុខ គឺមានរយៈពេល ២ថ្ងៃ ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់ ដោយមានការគាំទ្រពីគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម ហើយមានមុខទំនិញដូចជា៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត ដែលជាផលិតផលខ្មែរ ក្នុងខេត្តប៉ៃលិនយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។