ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អញ្ជើញដឹកនាំប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម

(ភ្នំពេញ) ៖ នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការយកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនិងខ្សែច្រវាក់តម្លៃនៃអនុវិស័យនីមួយៗ ដោយផ្តោតលើសក្តានុពលនៃខេត្តនីមួយៗ និងគោលដៅទស្សនវិស័យដែលចង់សម្រេចបាន ដើម្បីឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ដោយក្នុងនោះត្រូវមានផែនការផលិតកម្មច្បាស់លាស់ ប្រើពូជសុទ្ធ ផ្តោតលើគុណភាព សុវត្ថិភាព ស្របតាមស្តង់ដាគោលនយោបាយ និងការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីទស្សនាទាននៃការអភិវឌ្ឍវិស័យកសិកម្ម គឺត្រូវពិនិត្យលើសក្តានុពលនៃខេត្តនីមួយៗឱ្យបានល្អិតល្អន់ដោយធ្វើការប្រៀបធៀបលើប្រសិទ្ធភាពសេដ្ឋកិច្ច និងធ្វើការជំរុញផលិតកម្មដើម្បីធានាឱ្យបាននូវសន្តិសុខនិងសុវត្ថិភាពស្បៀង មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ និងនិរន្តរភាពបរិស្ថាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។