ព័ត៌មានជាតិ

កម្ពុជា បញ្ជូន​រថយន្ត​រថពាសដែក ១៤​គ្រឿង និង​សម្ភារៈ ៥​កុង​ទឺ​ន័​រ ទៅប្រទេស​ម៉ា​លី សំរាប់កម្ទេច​គ្រាប់​មិន ទាន់​ផ្ទុះ.!!

(​ភ្នំពេញ) ៖ កម្ពុជា បាន​បញ្ជូន​រថយន្ត ចំនួន​១៤​គ្រឿង ប្រភេទ​រថយន្ត​រថពាសដែក (MPV) និង​សម្ភារ​ប្រើប្រាស់​ចំនួន ៥​កុង​ទឺ​ន័​រ សម្រាប់​បំពេញបន្ថែម​លើ​រថយន្ត និង​សម្ភារ​ដែល​មាន​ស្រាប់ សម្រាប់​កងអនុសេនាធំ កម្ទេច​គ្រាប់​មិន ទាន់​ផ្ទុះ (EOD) ក្នុង​បេសកកម្ម​អ​ង្គ​ការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ា​លី ។

លោក អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការ​បរទេស ដំណាង​ដ៏​ខ្ពង់ខ្ពស់​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព នា​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា នៅ​ថ្ងៃនេះ រថយន្ត និង​សម្ភារ​ដាក់​ក្នុង​ទូរ​កុង​ទឺ​ន័​រ ដឹក​បញ្ជូន​ទៅ​កាន់​កំពង់​ផែរ​អន្តរជាតិ ក្រុង​ព្រះ​សីហនុ ហើយនឹង​បញ្ជូន​បន្ត​តាម​នាវា ទៅ​កាន់​សាធារណរដ្ឋ​ម៉ា​លី នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ជាមួយ​គ្នា​រថយន្ត និង​សម្ភារ​ទាំងអស់ នឹង​ទៅ​ដល់​គោលដៅ នា​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៣​នេះ ផង​ដែរ​។

លោក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​រថយន្ត​រថពាសដែក និង​សម្ភារ​ទាំង​អស់នេះ គឺ​សម្រាប់​បំពេញបន្ថែម ទៅ​លើ​រថយន្ត និង​សម្ភារ ដែល​មាន​ស្រាប់ កំពុង​បម្រើ​ការងារ​បេសកកម្ម ។

ជាមួយ​គ្នា​នោះ នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានឱ្យ​ដឹង​ដែរ​ថា រថយន្ត​រថពាសដែក ទាំង​១៤​គ្រឿង គឺ​មាន​ចំនួន ៤​គ្រឿង បម្រើ​ការងារ​ជា​រថយន្ត​ពេទ្យ ដែល​បាន​បំពាក់​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​ទាំងអស់ ចំណែក​រថយន្ត​រថពាសដែក ចំនួន​១០​គ្រឿង​ទៀត គឺ​សម្រាប់​ដឹក​កម្លាំង​ចុះ​ប្រតិបត្តិការ​បេសកកម្ម ។ ការ​ដែល​បញ្ជូន រថយន្ត ប្រភេទ​រថពាសដែក​នេះ ទៅ​កាន់​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ា​លី ដោយសារ នៅ​ទីនោះ មាន​ក្រុម​ឧទ្ទាម តែង​ពួនស្ទាក់​ដាក់ បង្កៃគ្រាប់​កែ​ច្នៃ ឬ​គ្រាប់​មីន នៅ​តាម​ដងផ្លូវ ធ្វើ​ដំណើរ ។

នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី បាន​បញ្ជាក់​ថា ចំពោះ​កងកម្លាំង​មួក​ខៀវ​កម្ពុជា គឺ​បាន​កំពុង​បន្តការងារ បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ា​លី រួច​ស្រេច​ហើយ ។

សូម​បញ្ជាក់​ថា កងកម្លាំង​កម្ពុជា មាន​ចំនួន​ជាង​៣០០​នាក់ ចែក​ចេញ​ជា ២​កងអនុសេនាធំ គឺ​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ និង​កងកម្លាំង​វិស្វកម្ម ព្រ​លាន​យន្តហោះ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។