ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃទី​០២ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ សាខាគណបក្សភូមិ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរសកម្មជនគណបក្សប្រជាជនឃុំទឹកជ្រៅ ដែលបានខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសថែមទាំងបានពង្រីកសមាជិកបន្ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ប្រការចាំបាច់គឺត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា ដូចជាការផ្ទេរជីវភាពតាមជាក់ស្តែង ការខ្វះឯកសារ ព្រមទាំងមធ្យោបាយធ្វើដំណើរជាដើម។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សមាជិកគណបក្សគឺមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀង១៨ ដើម្បីចូលរួមយកជ័យជំនះជូនគណបក្ស ដូច្នេះសកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោត ដោយយកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។

គណបក្សប្រជាជនមានគោលនយោបាយតែមួយ ដើម្បីប្រជាជន ដើម្បីយើងទាំងអស់គ្នា ដូច្នេះត្រូវមានសាមគ្គីភាព សហការគ្នាល្អ ចូលរួមជាមួយគ្នា និងជួយគ្នាទៅវិញទៅមក តាមរយៈវប្បធម៌ចែករំលែកជួយទាំង កំលាំង ស្មារតី ធនធាន ចំណេះដឹង ដើម្បីអភិវឌ្ឍន៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។