ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។

ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូលរួមសហការគ្នាល្អពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការបង្កើតឱ្យមានអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីស្តាប់ពីតម្រូវការ បញ្ហារបស់កសិករ និងជួយពួកគាត់បានទាន់ពេលវេលា។ លើសពីនេះទៀត គឺការជំរុញការចងក្រងសហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមនានាលើផលិតកម្ម ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាគម្របដី និងការទន្ទ្រានដី ដែលការងារនេះក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគីអាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។