ព័ត៌មានជាតិ

ប៉ូលិស​វៀតណាមបង្ក្រាប និង​រឹបអូស​មាស ១៩​គីឡូក្រាម ដែល​រត់ពន្ធ​តាមផ្លូវទឹក ពី​កម្ពុជា ចូលទៅ​វៀតណាម!

ប៉ូលិស​វៀតណាម បាន​តាម​ចាប់​ក្រុម​មនុស្ស​រត់ពន្ធ​មាស ពី​កម្ពុជា ទៅ​វៀតណាម តាម​ច្រកព្រំដែន ក្នុង​ខេត្ត​អាន​យ៉ាង​(​វៀតណាម​) ដែល​ជាប់​នឹង​ខេត្តកណ្តាល​របស់​ប្រទេស​កម្ពុជា នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម VN Expres ចេញ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ ។

មន្ត្រី​ប៉ូលិស​ខេត្ត​អាន​យ៉ាង (An Giang) បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើការ​ឆ្មក់​បង្ក្រាប កាលពី​យប់​ថ្ងៃ​អង្គា​រ៍ ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មាន​មនុស្ស​មួយ​ក្រុម បាន​រត់ពន្ធ​មាស​ចូល​មក​ស្រុក​ឡុ​ង​ប៊ិ​ញ (Long Binh) នៃ​ខេត្ត​អាន​យ៉ាង ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ដំណើរ​តាម​ទូក ។

អ្នក​ជិះទូក​ទាំងនោះ បាន​រត់គេច​ខ្លួន បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​កម្លាំង​ប៉ូលិស ដោយ​បន្សល់​ទុក​នូវ​កញ្ចប់​ជា​ច្រើន​នៅ​លើ​ទូក ក្នុង​នោះ​ប៉ូលិស​វៀតណាម ឆែក​រក​ឃើញ​មាស​ចំនួន ១៩​គីឡូក្រាម ។

នៅ​ថ្ងៃ​បន្ទាប់ បុរស​០២​នាក់ ដែល​មាន​អាយុ ៦០​ឆ្នាំ និង ២២​ឆ្នាំ បាន​ចូលខ្លួន ហើយ​បាន​សារភាព​ថា ពួក​គេ​បាន​រត់ពន្ធ​មាស ពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​លក់​នៅ​ហាង ក្នុងស្រុក​ឡុ​ង​ប៊ិ​ញ នៃ​ខេត្ត​អាន​យ៉ាង ។ ករណី​នេះ ប៉ូលិស​វៀតណាម បាន​និង​កំពុង​ពង្រីក​ការ​ស៊ើបអង្កេត​ជា​បន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។