ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ៖ ផ្ដើមពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!

(ភ្នំពេញ) ៖ក្រសួងមហាផ្ទៃ ៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត។ នេះជាប្រសាសន៍គូសបញ្ជាក់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)

ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋានខាងលើនេះ ទើបរាជរដ្ឋាភិបាលក្រោមមាគ៌ាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាតាមទិដ្ឋភាពដូចដែលបានអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឱ្យទៅអនុវត្តនៅតាមរដ្ឋបាលក្រុង ស្រុ​ក ខណ្ឌទូទាំងប្រទេស តាមរយៈការដាក់ចេញនូវអនុក្រឹត្យចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី “ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ”។ តាមបញ្ញត្តិអនុត្រឹត្យនេះ ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា គឺផ្ដោតលើការប្រគល់មុខងារចំនួនបី រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។

បន្ថែមពីនេះ គឺការបន្តធ្វើប្រតិភូកម្មមុខងារគាំទ្ររដ្ឋបាលចំនួនបី រួមមាន មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ មុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយនិងកីឡា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពន្យល់ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យនេះ គឺជាការ​បែង​ចែកឡើង​វិញ​​​​ឱ្យ​បាន​ច្បាស់លាស់​នូវតួនាទី និងការទទួលខុសត្រូវរវាង​ក្រសួងអប់រំ យុវជន និង​កីឡា និង​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឱ្យ​ប្រសើរ​ឡើង​​នូវគុណភាព និងប្រសិទ្ធភាព ​នៃការផ្តល់​សេវា​អប់រំ​ ដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របជាមួយនឹងគោលបំណង នៃកំណែទម្រង់ក្នុងវិស័យអប់រំ ដែលបាន និងកំពុងអនុវត្ត​ដោយ​ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ តែទោះបីយ៉ាងណា ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែមានតួនាទី​សំខាន់នៅ​ក្នុងការ​រៀបចំ​គោលនយោបាយជាតិ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការសិក្សាស្រាវជ្រាវ កម្មវិធី​សិក្សាជាតិ និយាមនិងស្តង់ដាអប្បបរមា​ ការជ្រើស​រើស និងការ​បណ្តុះ​បណ្តាល​គ្រូ ការគាំទ្រ​បច្ចេក​ទេស ការតាមដាន​ត្រួតពិនិត្យ និងវាយ​តម្លៃដដែល។

ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងទៀតថា ការផ្ទេរមុខងារក្នុងវិស័យ​អប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំជូនដល់ប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើក កម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ដូច្នេះ ក្រុមប្រឹក្សា និងគណៈអភិបាល នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវមាន​គណ​នេយ្យ​ភាព​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា និងចំពោះ​ប្រជា​ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវធានាថា ការអនុវត្តមុខងារទាំងនេះ ត្រូវតែស្របតាមគោល​នយោបាយ ផែនការ​យុទ្ធ​សាស្ត្រ​ជាតិ កម្មវិធី​សិក្សាជាតិ និយាម និងស្តង់ដា ដែលបានកំណត់។

ដើម្បីសម្រេចបានភារកិច្ចនេះ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គប្បី​រៀបចំ​​ផែនការ​សកម្ម​ភាព និងផែនការថវិកា​ប្រចាំឆ្នាំ ការ​គ្រប់​គ្រង​​បុគ្គលិកអប់រំ និងគ្រូបង្រៀន ការធានារក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អនៅតាមសាលារៀន ការគ្រប់​គ្រង ការ​ថែ​ទាំ និងការ​ជួស​ជុល​ហេដ្ឋារចនា​សម្ព័ន្ធ​សាលារៀន និងឧបករណ៍​ សម្ភារនានា​ពាក់ព័ន្ធ​នឹង​សាលារៀន។ ទន្ទឹមនេះ ត្រូវបង្កើតកិច្ចសហការ និងការ​កៀរគរការ​ចូលរួមគាំទ្រពីសហគមន៍​​មូល​ដ្ឋាន អង្គការ​សង្គម​ស៊ីវិល និងអ្នកពាក់ព័ន្ធ​នានា ដើម្បីធានាឱ្យសម្រេចបានយ៉ាងហោច​តាម​និយាមនិង​ស្តង់ដា​កម្រិតអប្បបរមា​នៃការ​គ្រប់គ្រង​មុខងារអប់រំយុវជននិងកីឡាដែលបានផ្ទេរឱ្យ។

ពិធីផ្សព្វផ្សាយ“ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ” នេះ មានការអញ្ជើញជាសហអធិបតីភាពរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន គ.ជ.អ.ប. និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណជាង៦០០នាក់ ជាពិសេស ប្រធានក្រុមប្រឹក្សា និងអភិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ជារដ្ឋបាលមូលដ្ឋាន នៅកៀកជិតប្រជាពលរដ្ឋ។ យោងអនុក្រឹត្យខាងលើនេះ តម្រូវឱ្យ គ.ជ.អ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំបញ្ចប់នីតិវិធីនានាឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ អាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជ​ន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕
#សសុខា #SarSokha #Cambodia

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។