ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញរួមដំណើរជាមួយថ្នាក់ដឹកនាំអន្តរក្រសួង បានចុះពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្តវ៉ៃគោក្នុងភូមិសាស្ត្រខេត្ត ដើម្បីជំរុញការងារគ្រប់គ្រងការអភិវឌ្ឍវិស័យកសិកម្ម អភិវឌ្ឍជនបទ

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញរួមដំណើរជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្តវ៉ៃគោក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីជំរុញការងារគ្រប់គ្រងការអភិវឌ្ឍវិស័យកសិកម្ម អភិវឌ្ឍជនបទ និងការគ្រប៎គ្រងធនធានទឹករួមគ្នានៅប្រព័ន្ធធារាសាស្ត្រវ៉ៃគោឲ្យមានប្រសិទ្ធភាព។

ប្រព័ន្ធស្រោចស្រពវ៉ៃគោនេះ គឺបានលើកកំពស់អត្រាប្រើប្រាស់ដីដាំដុះបង្កបង្កើនផល និងកែលម្អលក្ខខណ្ឌដាំដុះ សាងសង់ប្រឡាយធារាសាស្ត្រ និងស្ថានីយបូមទឹក នាំទឹកទន្លេមេគង្គតាមរយៈទន្លេតូច និងព្រែក ធ្វើជាប្រភពទឹកស្រោចស្រពប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ជូនផងដែរថា គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តវ៉ៃគោមាន២ជំហាន ស្ថិតនៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនោះ÷
*ជំហានទី១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចផ្គត់ផ្គងទឹកស្រោចស្រពបង្កបង្កើនផលកសិកម្មបានទំហំ ១០៨.៣០០ហិកតា នៅរដូវវស្សា និង ២៧.១០០ហិកតា នៅរដូវប្រាំង។

*ជំហានទី២ ស្ថិតនៅប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កបង្កើនផលកសិកម្មបានទំហំ ៩៣.១០០ហិកតា នៅរដូវវស្សា និង ២៣.៣០០ហិកតា នៅរដូវប្រាំង។

បន្ទាប់ពីពិនិត្យទីតាំង ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយបងប្អូនកសិករ និងស្ដាប់ការបង្ហាញអំពីប្រព័ន្ធធារាសាស្រ្តជំហានទី១ និងទី២ និងកសិករប្រើប្រាស់ទឹក នៅលើប្រឡាយមេ១ ស្ថិតនៅភូមិតងឡង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។