ព័ត៌មានជាតិ

ពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការដឹកនាំគម្រោង CASDP បានចូលរួមជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គ មណ្ឌលគិរី ដែលជាសហគមន៍ទី១៩។ សហគមន៍ បានលើកផែនការក្នុងទុនវិនិយោគ សរុបប្រមាណជា២៧ម៉ឺនដុល្លា ក្នុងនោះ ៦០% ជាទុនដែលសហគមន៍មានស្រាប់ក្នុងដៃ ៤០%ជាទុនផ្តល់ពីគម្រោង និង ផ្លូវកៅស៊ូ១ខ្សែក្នុងតំលៃប្រមាណជា៨៧ម៉ឺនដុល្លា ក៏ត្រូវគម្រោងផ្តល់ជូនសហគមន៍ និងប្រជាជនក្នុងមូលដ្ឋាននោះផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិពិធកម្មកសិកម្ម (CASDP) ដែលផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម តាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្របតាមគោលនយោបាយវិស័យកសិកម្មសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នេះ។

ក្នុងកម្មវិធីនេះ បាននិងកំពុងវាយតំលៃ សម្រិតសំរាំងជ្រើសយក បណ្តាសហគមន៍កសិកម្ម ដែលមាន សមត្ថភាពក្នុងកំរិតកំណត់មួយ ( សមត្ថភាពគ្រប់គ្រង ផែនការ គណនេយ្យ ចំណាត់ការដោយមិនមានលាក់កំបាំង។ល។ ដើម្បីចូលរួមអនុវត្ត ដោយមានគោលននោបាយគាំទ្រ (1) ផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% (2) ផ្តល់ការកសាងសមត្ថភាពបច្ចេកទេស ពាក់ព័ន្ធផលិតកម្មជាធុរកិច្ច និង (3) ផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ដល់សហគមន៍ មានផ្លូវថ្នល់ និងប្រព័ន្ធស្រោចស្រពជា ដើម។ មកដល់ថ្ងៃនេះ មានសហគមន៍កសិកម្មកម្ពុជា ១៩ ដែលបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។