ព័ត៌មានជាតិ

លោក ហុី ធួក អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការទិវាផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ

(ព្រៃវែង) ៖ នាព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ លោល ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការទិវាផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីជាតិផ្តល់ថ្នាំបង្ការជាកម្មវិធីអាទិភាព របស់ក្រសួងសុខាភិបាល ហើយដែលបានចាប់ដំណើរការនៅទូទាំងប្រទេសតាំងពីឆ្នាំ១៩៨៦ ដែលកាលនោះមានថ្នាំបង្ការជំងឺកុមារតែ៦មុខប៉ុណ្ណោះរួមមាន៖ របេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស និងជំងឺកញ្រ្ជឹល។

ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំង បានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

តាមផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ (ពីឆ្នាំ២០២២-២០២៥) ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក និង អង្គការយូនីសេហ្វ ក្រសួងសុខាភិបាល បានអនុញ្ញាតអោយកម្មវិធីជាតិផ្តល់ ថ្នាំបង្ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ទៅក្នុងសកម្មភាពផ្តល់ថ្នាំបង្ការជាប្រចាំ នៅទូទាំង២៥ រាជធានី/ខេត្ត នៅតាមសាលារៀន និង តាមមូលដ្ឋានសុខាភិបាលសាធារណៈ ក៏ដូចជាតាមសហគមន៍ ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ។

ពិធីនេះមានការអញ្ជើញចូលរួមពី៖ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងព្រៃវែង នាយកសាលា សិស្សានុសិស្សជាកុមារី និងមាតាបិតា អាណាព្យាបាលសិស្ស សរុប ១៩៩នាក់នៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ក្រុងព្រៃវែង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។