ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ (Official Development Assistance) នៃប្រទេសជប៉ុន សម្រាប់គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ

(សៀមរាប) ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំធំសាលាខេត្តបានរៀបចំពិធីដំណើរទស្សនកិច្ចសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ (Official Development Assistance) នៃប្រទេសជប៉ុន សម្រាប់គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ​ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាបក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោក

លោក អភិបាលរងខេត្តបានបង្ហាញអង្គពិធីថាក្រុងសៀមរាបនៃខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលទៅជាសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសសឹង្ហបុរី។ ការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃនេះ គឺអនុវត្តតាមផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដើម្បីរៀបចំគ្រោងការនៃជំហានដែលត្រូវអនុវត្ត ព្រមទាំងរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ“សៀមរាបឆ្លាតវៃ”ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅប្រែក្លាយទីក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃក្នុងឆ្នាំ២០៣៥ ហើយចក្ខុវិស័យនេះមានសសរស្ដម្ភចំនួន០៤ ដែលមានដូចជា “ដើម្បី” “ជាមួយ” “តាមរយៈ” និង “ឆ្ពោះទៅ”។ សសរស្ដម្ភទាំង៤ មានទិសដៅស្របទៅនឹងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។

លោក អភិបាលរងខេត្តបានបញ្ជាក់បន្ថែមថានៅក្នុងការរៀបចំអភិវឌ្ឍក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ាននេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចមួយរបស់ប្រទេសកម្ពុជា នៅក្នុងចំណោមប៉ូលសេដ្ឋកិច្ចផ្សេងៗទៀតរបស់ប្រទេស។ នៅក្នុងនោះ ការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៃខេត្តសៀមរាបគឺជាការអភិវឌ្ឍមួយដ៏ធំដែលបានប្រែក្លាយមុខមាត់ក្រុងសៀមរាបឱ្យក្លាយជាទីក្រុងទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញ និងប្រកបដោយផាសុកភាព ហើយទន្ទឹមនេះ ការអភិវឌ្ឍ និងការកែលម្អផ្លូវ៣៨ខ្សែនេះ ក៏បានចូលរួមចំណែកយ៉ាងធំក្នុងការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃតាមរយៈផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ នៃខេត្តសៀមរាប ដែលជាឯកសារចង្អុលផ្លូវ សម្រាប់ការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ហើយមានចក្ខុវិស័យត្រូវសម្រេចឱ្យបានរហូតដល់ឆ្នាំ២០៣៥ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។

លោក អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមផងដែរថា ជាមួយនឹងការរៀបចំទីក្រុងឆ្លាតវៃនេះ យើងនឹងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០គ្រាប់ ដើម្បីធានាបាននូវសុវត្ថិភាពបន្ថែមសម្រាប់ភ្ញៀវទេចរជាតិ អន្តរជាតិ ពិសេសគឺចតយានយន្តខុសច្បាប់នៅលើផ្លូវថ្មើជើង ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយយើងក៏មានគម្រោងក្នុងការរៀបចំអនាម័យបរិស្ថានឱ្យស្របតាមច្បាប់លិខិតបទដ្ឋាននៃទីក្រុងវៃឆ្លាតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។