ព័ត៌មានជាតិ

រដ្ធបាលខេត្ត បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តព្រៃវែងថ្មី២រូប

(ព្រៃវែង)៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ រដ្ធបាលរងខេត្តព្រៃវែង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តថ្មីចំនួន ២ រូប នេះមាន៖ លោក ពេជ្រ សុត្ថារ័ត្ន ឋានៈឧត្តមមន្ត្រីថ្នាក់លេខ៤ និងលោក ស្រី ឡុង គន្ធា ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ៤ នៃក្របខណ្ឌ គ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំ យុវជននិងកីឡា។

នៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្ត ផ្តាំផ្ញើដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មីនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ត ប្រាក់ សំអឿន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំង ២ រូប នាពេលនេះ គឺសង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា អភិបាលរងខេត្តដែលប្រកាស់ចូលកាន់មុខដំណែងថ្មីនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។

លោកស្រី ឡុង គន្ធា បានធ្វើការប្តេជ្ញាចិត្តថា គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ
រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ខិតខំបំពេញការងារជូន លោកអភិបាលខេត្ត ក៏ដូចជា លោកប្រធានក្រុមប្រឹក្សាខេត្ត ស្វែងរកបទពិសោធន៍ការងារបន្ថែម នឹងផ្តល់នូវបទពិសោធន៍ការងាររបស់ខ្លួនជួនដល់ក្រោមឱវាទ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។