ព័ត៌មានជាតិ

ជិះម៉ូតូឆក់កាបូបមិនបានសម្រេចហើយ ជិះម៉ូតូបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលត្រូវសមត្ថកិច្ចក្របួចជាប់!

(ភ្នំពេញ)​ ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​ បន្ទាប់ពីជននេះបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមដងផ្លូវមិនបានសម្រេចរួចជិះម៉ូតូបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតដួល​ កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខសាលាភូមិន្ទ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2023 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KG-9091ធ្វើដំណើរពីកើតទៅលិច​ លុះមកដល់កន្លែងកើតហេតុបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមដងផ្លូវតែមិនបានសម្រេច​ រួចក៏ជិះរត់បញ្ច្រាសផ្លូវទៅបុកម៉ូតូPCX មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HI-6222ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួលទៅលើថ្នល់​ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ស្របពេលកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលធ្វើការសួរនាំបន្ត។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។