ព័ត៌មានជាតិ

កាស៊ីណូនៅសំពៅពូន ស្រុកកោះធំ ទទួលបានអតិថិនជនជាពលរដ្ឋខ្មែរចូលលេងច្រើន ខណៈអាជ្ញាធរខេត្តកណ្ដាលធ្វើមិនដឹង!

(កណ្ដាល) ៖ ទោះបីជាដឹងថា កាស៊ីណូនៅស្រុកកោះធំ ខេត្តកណ្ដាល ជាប់ប្រទេសវៀតណាមប្រមូលលុយពីពលរដ្ឋខ្មែរ១ថ្ងៃៗរាប់ម៉ឺនដុល្លារ ក៏ដោយ ក៏អាជ្ញាធរថ្នាក់ដឹកនាំខេត្តកណ្ដាល ជាពិសេសលោកស្នងការ ឈឿន សុខចិត្ត ធ្វើ មិនដឹងមិនឮនោះដែរ។ ភាពស្ងៀមស្ងាត់របស់លោកស្នង ការខេត្តកណ្ដាលនាំឲ្យប្រជាពលរដ្ឋសង្ស័យថាទំនងគេត្រូវថ្នាំពួកថៅកែកាស៊ីណូទាំងនោះហើយ។

ប្រភពរាយការណ៍ថា ពលរដ្ឋខ្មែរអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានលិយតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុកចូលទៅលេងភ្នាល់ល្បែង ជល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់កាសុីណូនិងអ្នកញៀនល្បែងស៊ីសងជាពលរដ្ឋខ្មែរសោះឡើយ។ ពលរដ្ឋខ្មែរបណ្ដើរគ្នាត្រសងចូលលេងល្បែង,ជាពិសេសជួលមាន់នៅក្នុងកាស៊ីណូនៅលើនេះដោយសេរី។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថា កាសុីណូកាឡាក់សុីជ្រៃធំបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញខេត្តកណ្តាល ចុះទៅទប់ស្កាត់ ឬហាមឃាត់ពលរដ្ឋខ្មែរចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា កាសុីណូមួយនេះ មិនបានអនុវត្តតាមកិច្ចសន្យា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសេចក្តីណែនាំរបស់នាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃក៏ដោយ។

សេចក្តីរាយការណ៍បានឲុ្យដឹងទៀតថា ក្នុង១ថ្ងៃៗគេឃើញរថយន្ត និងម៉ូតូនិងរថយន្ត របស់ក្រុមអ្នកញៀនល្បែងស៊ីសងជនជាតិខ្មែរ រាប់សិបគ្រឿងសម្រុកចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំតាំងពីព្រលឹមទល់ព្រលប់ ដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ ដែលធ្វើឲ្យមានមន្ទិលសង្ស័យ ចំពោះការមិនអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋបាលខេត្តកណ្តាល ឬមួយថាមានអំណាចតិចតួច ជាងម្ចាស់កាសុីណូក៏ថាបាន។ល។ បើតាមប្រភពឲ្យដឹងថា មានមេការធំ២នាក់ជាអ្នកមើលការខុសត្រូវ នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំនេះ គឺម្នាក់ឈ្មោះសុវណ្ណ និងម្នាក់ទៀតឈ្មោះញ៉ ជំនាញខាងគៀងគរពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីឲ្យចូលទៅលេងភ្នាល់ល្បែងស៊ីសង នៅក្នុងកាសុីណូមួយនេះ ដោយធានាសុវត្ថិភាពដោយគ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រភពរាយការណ៍ថា ឈ្មោះសុវណ្ណ និងឈ្មោះញ៉នេះ ជាអ្នកមើលការខុសត្រូវឲ្យមនុស្សរបស់ខ្លួនហែកបុងភ្នាល់ល្បែងជល់មាន់ក្នុង១គូៗរាប់ពាន់, រាប់មុឺនដុល្លារអាមេរិក ដើម្បីប្រមូលលុយតុងយកទៅទិញដង្វាយថ្វាយដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដីតូចធំដើម្បីឲ្យបិទភ្នែក បិទត្រចៀក,មិនឃើញ,ស្តាប់មិនឮ ថាមានពលរដ្ឋខ្មែចូលទៅលេងភ្នាល់ល្បែងសុីសងខុសពីច្បាប់កំណត់។ប្រជាពលរដ្ឋរស់នៅឃុំសំពៅពូនរិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តកណ្តាល បណ្តែតបណ្តាយឲ្យពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ល្បែងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ ក្នុងកាសុីណូកាឡាក់ ស៊ីជ្រៃធំ យ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

គេថាអាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល ជូនកាលមិនត្រឹមតែមិនបង្ក្រាបពលរដ្ឋខ្មែរដែលចូលលេងល្បែងស៊ី សងនិងមាន់ជល់ ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាម៉ូយជារបស់ casino ទាំងនោះផងដែរ។ យ៉ាងណាក៏ដោយគេរំពឹងថា លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមិនពាក់ព័ន្ធអំពីបញ្ហានេះទេ។ ផ្ទុយទៅវិញ លោកឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ត្រូវប្រជាពលរដ្ឋមានមន្ទិលសង្ស័យ ចំពោះភាពស្ងាត់ស្ងៀមមិនព្រមបង្ក្រាបកាស៊ីណូ ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរីនោះ អាចពាក់ព័ន្ធអំពីបញ្ហាផលប្រយោជន៍ណាមួយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។