ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង

((ព្រៃវែង) ៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង។

បន្ទាប់ពីបានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្តមអភិបាលខេត្ត សូមរម្លឹកបន្តិចថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមាន សម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់ អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

ឯកឧត្តមអភិបាល សូមសំណូមពរក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត និងប្រទេសជាតិមានការរីកចម្រើនជានិរន្តន៍។

ជាចុងក្រោយ សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត គ្រឹះស្ថានឯកជន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *