(ព្រះសីហនុ) ៖ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាមអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅទីបញ្ជាការសឹករងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម មេបញ្ជាការរងយោធភូមិភាគទី៣ លោកអភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាព មេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងកម្មសិក្សាការី។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកម្មសិក្សាការីតំបន់ប្រតិបត្តិការសឹករងព្រះសីហនុដោយគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធាជាការងារចាំបាច់មិនអាចខ្វះបានសម្រាប់បង្កើនចំណេះ ជំណាញដល់នាយទាហាន នាយទាហានរង និងពលទាហាន សំដៅធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាព មានវិន័យ របៀបរៀបរយការងារ អត្តចរិកថ្លៃថ្នូរ មានសីលធម៌ស្អាតស្អំ សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបទបញ្ជាផ្សេងៗរបស់កងយោធពលខេមរភូមិន្ទ ជាមូលដ្ឋានគ្រឹះក្នុងការដឹកនាំបំពេញភារកិច្ចឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីការពារជាតិមាតុភូមិ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃចំពោះមេបញ្ជាការ មេបញ្ជាការរង ពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចជម្នះឧបសគ្គប្រកៀកស្មាគ្នាយ៉ាងរឹងមាំ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង និងសហការល្អជាមួយនឹងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី រួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិ ក៏ដូចជាការអភិ វឌ្ឍខេត្តព្រះសីហនុ។
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង ពលទាហាន កម្មសិក្សាការី នៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារចាំបាច់ដូចខាងក្រោម៖
១-ត្រូវមានវិជ្ជាជីវៈស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន
២-ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្របតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
៣-ត្រូវយកចិត្តទុកដាក់ប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យមានប្រសិទ្ធភាពស្របទៅនឹងតម្រូវការជំនាញ ថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធា ព្រមទាំងស្បៀងអាហារជាដើម
៤-ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីការការពារជាតិឱ្យមានប្រសិទ្ធភាព ពិសេសពង្រឹងបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច
៥-ត្រូវអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ
៦-ត្រូវយកចិត្តទុកដាក់ធានាកិច្ចការភស្តុភារ និងសុខាភិបាល ដើម្បីជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពជា និងលោកជំទាវបណ្ឌិត ឧបត្ថមដល់វគ្គហ្វឹកហ្វឺនចំនួន ៥លានរៀលផងដែរ៕