ខេត្តព្រៃវែង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធី ប្រណាំងទូក ង ខេត្តព្រៃវែងរយៈពេលពីរថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ។
ក្នុងនោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា៖ ការរៀបចំនូវពិធីប្រណាំងទូក ង នេះដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធ សាសនា ក៏ដូចជាការផ្ដល់ជូន ដល់ប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកំសាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀតគឺដើម្បីជ្រើសរើសទូក ង ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួម ប្រណាំងនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ ។
ឯកឧត្ដម អភិបាលខេត្ត បានបន្តថា ក្នុងឆ្នាំ២០២៣ មានទូកចូលរួមសរុបចំនួន ៦៣ ទូក (ទូក ង ខ្នាតអន្តរជាតិ ទាំងអស់ចំនួន ៤៧ ទូក ក្នុងនោះចំណុះពិត ១,០៣៤ នាក់ ចំណុះត្រៀម ២៨២ នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន ១៦ ទូក ដែលមានចំណុះពិត ១,១៩៣ នាក់ ចំណុះត្រៀម ២៣០ នាក់។ ទូក ង សរុបទាំងខ្នាតវែង និងខ្នាតអន្តរជាតិ មានចំនួន ៦៣ ទូក ដែលមានចំណុះពិត និងចំណុះត្រៀមសរុបទាំងអស់ចំនួន ២,៧៤៩ នាក់។)។ ជាក់ស្ដែង នៅថ្ងៃទី១ និងនៅរសៀលថ្ងៃទី២ នៃពិធីប្រណាំងទូកងខេត្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួម ទស្សនា និងលេងកំសាន្ត ជាង ១៣ ម៉ឺននាក់។
ឯកឧត្តម អភិបាលខេត្ត បន្តថា ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញ ប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងការទទូលខុសត្រូវ ក្នុងរយៈពេល 2 ថ្ងៃនេះ ជាលទ្ធផលនៃការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤នេះ ទូកទទួលបានចំណាត់ថ្នាក់មាន៖
-ចំណាត់ថ្នាក់លេខ១ មានចំនួន ៩ ទូក (ទូកខ្នាតអន្តរជាតិ 7 ទូក និងទូកខ្នាតវែង 2 ទូក)
-ចំណាត់ថ្នាក់លេខ ២ មានចំនួន ២៤ ទូក (ទូកខ្នាតអន្តរជាតិ ១៨ ទូក និងទូកខ្នាតវែង ៦ ទូក)
-ចំណាត់ថ្នាក់លេខ ៣ មានចំនួន ២១ ទូក (ទូកខ្នាតអន្តរជាតិ ១៥ ទូក និងទូកខ្នាតវែង ៦ ទូក)
-ចំណាប់ថ្នាក់លេខ ៤ មានចំនួន 9 ទូក( ទូកខ្នាតអន្តរជាតិ ៧ ទូក និងទូកខ្នាតវែង ២ ទូក។
នាឱកាសនោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែងដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ខេត្តព្រៃវែងយើងនេះ។ ក្នុងនោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនៅប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលគាត់លក់ដូរនៅផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកលេងកម្សាន្តគាត់ទិញនូវផលិតផលទាំងអស់នោះ។
សូមបញ្ជាក់ផងដែថា៖ នៅក្នុងឱកាសនៃការអញ្ជើញបិទបញ្ចប់នៃកម្មវិធីប្រណាំងទូកងនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានឧបត្ថម្ភក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ ចំនួន ១ម៉ឺនដុល្លា និងឧបត្ថម្ភទូកអន្តរជាតិ ខ្នាត់ខ្លី ចំនួន ៤៧ ទូកក្នុងមួយៗទូកចំនួន ១ លានរៀល និងទូកវែងចំនួន ១៦ ទូក ក្នុងមួយទូក ២ លានរៀល។ ហើយក្នុងនោះដែរចំណាត់ថ្នាក់លេខ1 ឧបត្ថម្ភថវិកា ២.០០០.០០០រៀល, លេខ២ ចំនួន ៨០០.០០០រៀល, លេខ៣ ៦០០,០០០រៀល និងលេខ៤ ថវិកា ៥០០,០០០រៀល, សម្រាប់ទូក ង ខ្នាត់វែង ចំណាត់ថ្នាក់លេខ ១ ថវិកា ២ លានរៀល, លេខ ២ ថវិកា ១ លាន ៥០ ម៉ឺនរៀល, លេខ៣ ថវិកា ១ លាន ៤០ ម៉ឺនរៀល លេខ៤ ថវិកា ១ លានរៀល៕