ខេត្តព្រៃវែង :រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍រប្រណាំងទូក ង ឆ្នាំ២០២៤ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែល ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមសម្តែងនូវគារវកិច្ចគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ នាឱកាសពេលនេះ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកតំណាង រាស្រ្តមណ្ឌលខេត្តព្រៃវែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រះចៅអធិការវត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធានផ្នែក ប្រធានការិយាល័យសាលាខេត្ត មេឃុំ ចៅសង្កាត់ ដែលមានទូកប្រណាំង ក្រុមហ៊ុន សហគ្រាសឯកជន និងក្រុមកីឡាជាច្រើនផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវក្ដីរីករាយដែលបានរៀបចំការប្រណាំងទូក និងទទួលបានការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មកលេងកម្សាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។