ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ត្រា ដែលរៀបចំឡើងនៅសាខាពន្ធដារខេត្តកំពង់ចាម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ត្រា ដែលរៀបចំឡើងនៅសាខាពន្ធដារខេត្តកំពង់ចាម ។ ក្នុងឱកាសនោះឯកឧត្តមបានស្នើដល់សិក្ខាកាមទាំងអស់មេត្តាចូលរួមអោយបានសកម្ម ចែករំលែកបទពិសោធន៍ និងលើកជាសំណួរ ដើម្បីបានជាធាតុចូលនូវពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗល្អៗថែមទៀត សម្រាប់ពង្រឹងការអនុវត្តក្នុងការគ្រប់គ្រង និងប្រមូលពន្ធពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ស័ក្ដិសិទ្ធភាព។
អង្គសិក្ខាសាលានាព្រឹកនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនិងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធដែលស្ថិតនៅជិតប្រជាពលរដ្ឋ តាមមូលដ្ឋានឱ្យបានជ្រាប និងយល់ដឹងកាន់តែទូលំទូលាយពីលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងវិស័យ អចលនទ្រព្យ រួមមានប្រកាសស្តីពីពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ត្រា ព្រមទាំងផ្សព្វផ្សាយ សេចក្តីជូនដំណឹងស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ។ ការផ្សព្វផ្សាយនេះ ក្នុងន័យ ជំរុញឱ្យមានការគាំទ្រ និងពង្រឹងកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ពីសំណាក់អាជ្ញាធរដែនដីនិងបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីជាប្រយោជន៍បង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងម្យ៉ាងទៀតដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ ឱ្យបានកាន់តែទូលំទូលាយ និងច្បាស់លាស់ ជៀសវាងនូវការយល់ខុស ឬភាន់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ សហការជាមួយរដ្ឋបាលសារពើពន្ធ ដើម្បីអនុវត្តនូវការងារប្រមូលពន្ធអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើ ប្រាស់ និងពន្ធប្រថាប់ត្រា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងអស់សក្តានុពល ជាពិសេសពង្រឹងការ ប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំបានចុះបញ្ជី (គ្មានបណ្ណ័កម្មសិទ្ធិ) ជំរុញការចុះបញ្ជីអចលនទ្រព្យថ្មី និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យជាប្រចាំផងដែរ។
តាមរបាយការណ៍លោក ហេង កុសកលបុត្រ ប្រធានសាខាពន្ធដារខេត្តកំពង់ចាម បានអោយដឹងថាលទ្ធផលនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣ និងរយៈពេល ១០ខែ ឆ្នាំ២០២៤ មានដូចតទៅ៖ សម្រាប់ឆ្នាំ២០២៣ សាខាពន្ធដារខេត្តកំពង់ចាមបានប្រមូល
ពន្ធលើអចលនទ្រព្យបានចំនួន ៣,២៨៥ ទ្រព្យ ប្រាក់ពន្ធបង់ចូលសរុបចំនួន ៧៧៨,៨២០,១២៥រៀល ដែលស្មើនឹង 154.22% នៃផែនការឆ្នាំ២០២៣ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រមូលបានចំនួន៣,៦៤៩ ទ្រព្យប្រាក់ពន្ធបង់ចូលសរុប ចំនួន ៩៥១,២៤១,៨៧៣ រៀល ដែលស្មើនឹង 211.39% នៃផែនការឆ្នាំ២០២៣ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានចំនួន ១២,២៦២ ទ្រព្យ ប្រាក់ពន្ធបង់ ចូលសរុបចំនួន ៦,៧៩៨,១២២,៨៥៩ រៀល ស្មើនឹង 86.40% នៃផែនការឆ្នាំ២០២៣។
រយៈពេល ១០ខែ ឆ្នាំ២០២៤ ពន្ធលើអចលនទ្រព្យប្រមូលបានចំនួន៣,១២៨ ទ្រព្យ ប្រាក់ពន្ធបង់ចូលសរុបចំនួន៥៥៦,២២៧,៩១៧រៀល ដែលស្មើនឹង 92.70% នៃផែនការឆ្នាំ២០២៤ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានចំនួន៨,១៤៨ ទ្រព្យ ប្រាក់ពន្ធបង់ ចូលសរុបចំនួន ៤,៤១២,៨៧៨,៨៥៨ រៀល ស្មើនឹង 58.84% នៃផែនការឆ្នាំ២០២៤ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពុំមានចំណូល ដោយសារប្រភេទពន្ធនេះ ត្រូវបានព្យួរ រហូតដល់ដំណាច់ឆ្នាំ២០២៤។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *