ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងកងកម្លាំងប្រដាប់អាវុធទាំងបី

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌ​ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុន ៗ ជាពិសេសគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើងសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើងមានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ ។ ដោយឡែកឆ្នាំនេះ មានទាំងកងកម្លាំងប្រដាប់អាវុធ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងយោធភូមិភាគទី២ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *