(ព្រះសីហនុ) ៖ នសព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែម ដារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត្ត លោកអភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ ពិធីនេះប្រារព្ធធ្វើនៅវត្តកំពង់សីលា ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៤ មានសំណួរផ្ទាល់មាត់ ចំនួន១១ នាក់ មានដូចជា (សាងសង់ផ្លូវ លូ ស្ពាន បញ្ហាដីធ្លី ការបំពុលទឹក គ្រោះថ្នាក់ចរាចរណ៍ និងគណនេយ្យភាពសង្គម) និងទទួលបានសំបុត្រចំនួន១៣ សរុបទាំងអស់២៤ ដែលបានយកមកដោះស្រាយ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង និងស្រុកក្នុងខេត្តនៃឆ្នាំនីមួយៗដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំណើ សំណួរ ឬសំណូមពរ សម្រាប់ធ្វើការដោះស្រាយក្នុងវេទិកានេះ ដើម្បីបង្កើននូវវប្បធម៌ក្នុងការពិភាក្សាគ្នារវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ និងដៃគូរអភិវឌ្ឍនានាសម្រាប់លើកកម្ពស់ខ្សែគណនេយ្យភាព តម្លាភាព និងសមធម៌ ប្រកបដោយអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីធានាថា៖ ១.រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប
២.គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនេះក្រុមប្រឹក្សាខេត្ត អាចបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ រៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗតាមរយៈ -ការផ្តល់ព័ត៌មានចែកជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។ -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ។ -ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សា លើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត -ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបបានទាន់ពេលវេលា៕