(ព្រៃវែង) ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A និង B មកពីវិទ្យាល័យក្នុងស្រុកទាំងពីរ សរុបចំនួន១១៧នាក់។
រង្វាន់លើកទឹកចិត្តដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូនសិស្សនិទ្ទេស A និង B ក្នុងឱកាសនោះ រួមមាន កុំព្យូទ័រ Laptop ម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A និងថវិកា៤០ម៉ឺនរៀល ដោយឡែក សិស្សនិទ្ទេស B ទទួលបានថវិកាម្នាក់៤០ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការអបអរសាទរ ចំពោះលោកគ្រូ អ្នកគ្រូ លោក លោកស្រី ឪពុកម្ដាយអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លទ្ធផលសិស្សនិទ្ទេស A និង B ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស។
ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានក្រើនរំលឹក និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសតាមបរិបទសង្គមឌីជីថល និងចូលរួមធ្វើអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ។ លើសពីនេះ ត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលមិននាំឲ្យខ្លួនឯងទៅរកភាពរីកចម្រើន និងជោគជ័យបានឡើយ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A និង B ត្រូវបន្តខិតខំរៀនសូត្រថ្នាក់មហាវិទ្យាល័យ ឲ្យទទួលបានជោគជ័យ ហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលទាំងអស់ដែលបាន ជំរុញដល់កូនៗរហូតទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងនេះ ៕