(ភ្នំពេញ) ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានលក្ខណៈយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយបណ្តាបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជាជាមួយនឹងគំនិតនវានុវត្តន៍ដែលនិស្សិតរបស់យើងនឹងទទួលបានពីឧត្តមភាពនៃការសិក្សាពីសកលវិទ្យាល័យ De Montfort។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា នៅថ្ងៃអនាគតសម្តេចចង់ឃើញសកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ ជាហិប និងជាដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេសដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាលជាមួយនឹងតួអង្គទីផ្សារវិនិយោគិន និងឧស្សាហកម្មនាអនាគតរបស់ចក្រភពអង់គ្លេស៕